(ភ្នំពេញ)៖ ប្រតិបត្តិការពន្លត់អគ្គិភ័យ ដែលបានកើតឡើង នៅរោងចក្រផលិតប្រអប់បាយ «CCKT» ស្ថិតនៅបូរីមនោរម្យ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ គិតត្រឹមវេលាម៉ោង៦ល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ ត្រូវបានជួយសង្គ្រោះ កំពុងបន្តបាញ់ឲ្យរលត់ទាំងស្រុង ខណៈនៅមានរងើកភ្លើង នៅខាងក្នុងរោងចក្រនៅឡើយ។

គិតត្រឹមវេលាម៉ោង៦ល្ងាចនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានប្រើពេលជិត៣ម៉ោងហើយ ដើម្បីបាញ់ពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅ ផ្សេងងងឹតមេឃមួយនេះ។ មន្រ្តីនគរបាលការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានីភ្នំពេញ បានបញ្ជាក់ថា នៅពេលនេះ(គិតត្រឹមវេលាម៉ោង៦) ភ្លើងបានរលត់ទៅវិញជាង៨០ភាគរយហើយ ខណៈកម្លាំងយើងកំពុងបន្តបាញ់ឲ្យរលត់ទាំងស្រុង។ លោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ ក៏បានបញ្ជាក់ថា នៅពេលកម្លាំងសមត្ថកិច្ច និងក្រុងពន្លត់បានបន្តប្រតិបត្តិនេះនៅឡើយ ពីព្រោះនៅមិនទាន់ រលត់ទាំងស្រុងនៅឡើយទេ។

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ បានឲ្យដឹងថា ក្រុម៧១១ របស់លោកបានបញ្ជូនរថយន្តទៅចំនួន៧គ្រឿង និងកម្លាំងជាច្រើននាក់​ដើម្បីបាញ់ពន្លត់ភ្លើង​ដ៏ខ្លាំងក្លានេះ។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា សម្រាប់ទ្រព្យសម្បត្តិជាច្រើននៅក្នុងរោងចក្រត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុងគ្មានសល់នោះទេ។ មូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ ទុស្សេខ្សែភ្លើង។ សម្រាប់រថយន្តពន្លត់អគ្គិភ័យត្រូវបានគេមើលឃើញ បានចេញទៅជួយបាញ់ពន្លត់ជាច្រើនគ្រឿង ខណៈមនុស្សរាប់ពាន់នាក់បាននាំគ្នាទៅចោមរោមមើល៕