(កំពត)៖ លោក ចាន់ ចេស្តា ដែលជាឪពុកបង្កើតរបស់កីឡាករបាល់ទាត់ឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា និងជាអតីតប្រធានមន្ទីរកសិកម្មខេត្តកំពតផងនោះ ត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពត ជំនួសតំណែងលោក ជួង ស៊ីវវុទ្ធ ដែលត្រូវចូលនិវត្តន៍ ។

ក្នុងពិធីប្រកាសតែងតាំងខាងលើនេះដែរ ត្រូវបានអញ្ជើញចូលរួមជាអធិបតីដោយ លោក សក់ សេដ្ឋា អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅឯសាលប្រជុំសាលាខេត្តកំពតចាស់ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នេះ ។

លោក សក់ សេដ្ឋា បានផ្តល់អនុសាសន៍ល្អៗដល់លោកអភិបាលរងខេត្ត ទើបនឹងឡើងកាន់មុខតំណែងថ្មីនេះ និងស្នើឲ្យមន្ត្រីជុំវិញខេត្ត ត្រូវគាំទ្រ និងសហការគ្នាឲ្យបានល្អ ដើម្បីធ្វើការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋ៕