(ភ្នំពេញ)៖ Grand Phnom Penh Water Park ដែលជាសួនទឹកកម្សាន្តធំជាងគេ នៅរាជធានីភ្នំពេញភ្នំពេញ នឹងបើកអោយប្រជាពលរដ្ឋ ចូលលេងកំសាន្ត សាកល្បងដំបូង នៅថ្ងៃទី២៨ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ និងដំណើរបើកជាផ្លូវការថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ខាងមុខនេះ។  

បើតាមគេហទំព័រ Facebook សាលារាជធានីភ្នំពេញ បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនានេះថា សួនទឹកកម្សាន្តដ៏ធំសម្បើមនេះ មានទំហំជិត១ហិកតា ស្ថិតក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ប៉ែកខាងជើងរាជធានីភ្នំពេញ។

ប្រភពដដែលបានបញ្ជាក់ថា Grand Phnom Penh Water Park ជាទីកន្លែងកម្សាន្តដ៏អស្ចារ្យមួយដែរ បើប្រៀបទៅនឹងសួនកម្សាន្តនៅប្រទេសថៃ និងវៀតណាម ក្នុងនោះរួមមាន កន្លែងកម្សាន្តអាងទឹកវិល កន្លែងសម្រាប់កូនក្មេង កន្លែងរម្អិលខ្លួនដែលមានកំពស់រហូតដល់ ១២.៥ម៉ែត្រ។ សួនទឹកនេះ មានការរចនាគួរឲ្យទាក់ទាញ សម្រាប់អ្នកភ្នំពេញ និងអ្នកតាមបណ្ដាខេត្តមកកម្សាន្ត៕