(កំពង់ស្ពឺ)៖ ក្រុមចោរហារយ បានធ្វើសកម្មភាពចូលលួច ទ្រព្យសម្បត្តិ នៅផ្ទះប្រជាពលរដ្ឋចំនួន៣ផ្ទះ ចាប់ពីចន្លោះពីម៉ោង ១១៖៣០នាទី ដល់ម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះទាំង៣ផ្ទះនោះរួមមាន ទី១-ឈ្មោះ អ៊ុក ណារ៉ាន់ ភេទស្រី អាយុ៦២ឆ្នាំ មុខរបលក់ ចាប់ហួយ នៅភូមិអន្លង់ជ្រៃ ត្រូវជនមិនស្គាល់មុខ យកអស់ទូរស័ព្ទដៃពីរគ្រឿង ប្រាក់ចំនួន៤៥ម៉ឺនរៀល ទី២-ឈ្មោះ ឡាយ សុវណ្ណ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា បាត់អស់ប្រាក់រៀលចំនួន១២០ម៉ឺនរៀល ប្រាក់ដុល្លារចំនួន៩០០$ មាសចំនួន ២ដំឡឹង៥ជី និងទី៣-ឈ្មោះ អ៊ឹង ពៅ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បាត់អស់ប្រាក់រៀលចំនួនជាង១០ម៉ឺនរៀល ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យមិនដឹងមានចំនួនប៉ុន្មាននាក់នោះទេ បាននាំគ្នាដើរចូលផ្ទះ ខណៈកំពុងសម្រាក លង់លក់ដោយបានប្រមូលយកទ្រព្យសម្បត្តិខាងលើទៅបាត់។ សម្រាប់ជនសង្ស័យទាំងនេះ ក្រោយពីធ្វើសកម្មភាពលួចហើយ ក៏រត់គេចខ្លួនបាត់ស្រមោលតែម្តង៕