(ភ្នំពេញ)៖ គម្រោងអគារភ្លោះ កំពស់រហូតដល់៥០០ម៉ែត្រ ខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅកម្ពុជា គ្រោងនឹងចំណាយទុនវិនិយោគសាងសង់ ជិត៣ពាន់លានដុល្លារអាមេរិក រំពឹងថានឹងត្រូវបើការដ្ឋានសាងសង់ នៅឆ្នាំ២០១៦នេះ លើផ្ទៃដីនៃអតីតសួនកំសាន្ត Dream Land ។

គម្រោងអគារភ្លោះកម្ពស់ជាង៥០០ម៉ែត្រនេះ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនថៃប៊ុនរ៉ុង របស់កម្ពុជាជាមួយនិងក្រុមហ៊ុន IP Group ក្រុមហ៊ុន Shang Hia និងក្រុមហ៊ុន China State Contruction Engrg Corp ដែលជាក្រុមហ៊ុនរបស់ចិន។

ពិធីចុះអនុស្សារណៈយោគយល់គ្នា (MOU) រវាងក្រុមហ៊ុននៃប្រទេសទាំង២ ស្តីពីការសាងសង់គម្រោងអគារភ្លោះកំពស់ ៥០០ម៉ែត្រ ស្មើនឹង១៣៣ជាន់នេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក អភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងបណ្តាវិនិយោគិន ពាណិជ្ជករជាច្រើននាក់ទៀតចូលរួម។

គម្រោងអគារភ្លោះ ខ្ពស់ជាងគេបំផុត ដែល​នៅរាជធានីភ្នំពេញមិនធ្លាប់មាននេះ គ្រោងនឹងសាងសង់នៅឆ្នាំ២០១៦ នៅលើផ្ទៃដីប្រមាណ៥ហិកតា ស្ថិតនៅអតីតសួនកម្សាន្ត Dream Land ដែលជាទីតាំងដ៏ទាក់ទាញ និងពិសេសមួយនៅរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីនោះថា លោកពិតជារីករាយឥតឧប្បមា ដែលបានចូលរួមក្នុងពិធីចុះ គម្រោងអគារភ្លោះខ្ពស់ កម្ពស់ជាង៥០០ម៉ែត្រ មិនធ្លាប់មាននេះ។ លោកថានេះជាគម្រោងដែលធំបំផុតមួយ ដែលមិនធ្លាប់មានក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ដែលមានទុនវិនិយោគរហូតដល់ជិត ៣ពាន់លានដុល្លារ។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា គម្រោងអគារភ្លោះនេះ មិនត្រឹមតែសាងសង់នៅតំបន់ល្អនោះទេ អគារនេះនឹងជួយលើកសម្រស់សោភ័ណភាព របស់រាជធានីភ្នំពេញ បានមួយកម្រិតថែមទៀត ក្នុងការទាក់ទាញនៅការវិនិយោគនានាពីបរទេស។

លោកបានថ្លែងថា «តួអគារនេះយើងចំណាយទុនជិត៣ពាន់លានដុល្លារ ប៉ុន្តែដើម្បីឲ្យអគារដំណើរការ ត្រូវការក្រុមហ៊ុនចូលរួម ដែលប្រើប្រាស់ទុនប្រមាណជាង៥ពាន់លានដុល្លារទៀត ដើម្បីឲ្យអគារនេះ ដំណើរការល្អប្រសើរ។...រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី លោកបានគាំទ្រគម្រោងមួយនេះ នឹងបានលើកទឹកចិត្ត ដោយបានដាក់ចូលគម្រោងវិនិយោគនេះ ទៅក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ជួយឲ្យគម្រោងនេះ ឆាប់ដំណើរការ និងផ្តល់គោលអនុគ្រោះជាច្រើន ដើម្បីជាការលើកទឹកចិត្ត»៕