(ភ្នំពេញ)៖ មន្ត្រីនគរបាលជាតិនៃបណ្ឌិត្យសភានគរបាលកម្ពុជា ២២នាក់ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតមុខដំណែង ឋានន្តរសក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ទៅតាមការស្នើសុំរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែល Fresh News ទទួលបាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា ក្នុងចំណោមមន្រ្តីនគរបាលដែលរងការពិន័យនេះ មានមន្ត្រីនគរបាលជាតិចំនួន២០នាក់ ត្រូវបានបណ្តេញចេញផុតពីក្របខណ្ឌនគរបាលជាតិ ដោយសារមូលហេតុមិនមកបំពេញការងារ ហើយមន្ត្រីនគរបាលជាតិចំនួន ០២នាក់ ផ្សេងទៀត ត្រូវបានដកហូតមុខដំណែងដោយសារមូលហេតុអសកម្មការងារ។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សេង ផល្លី បានធ្វើកំណែទម្រង់ ជុំវិញការងារសំខាន់ៗមួយចំនួន រួមមាន៖ ការងារដឹកនាំ​គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាពនិស្សិត-សិក្ខាកាម  ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម ការពង្រឹងសម្ថភាព​ស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យមានសមត្ថភាពពេញលេញ ដើម្បីឆ្លើយតប​ទៅនឹងតម្រូវ​ការអង្គភាពប្រើប្រាស់​កងកម្លាំង និងតម្រូវការរបស់ប្រទេសជាតិ៕