(បន្ទាយមានជ័យ)៖ ដើម្បីបន្តការចូលរួម កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបាន និងកំពុងមានការកើនឡើងគួរឲ្យព្រួយបារម្ភ នាពេលសព្វថ្ងៃនេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំនាយការិយាល័យចរាចរណ៍ និងមន្រ្តីនគរបាលមួយចំនួន ចុះទៅចែកមួកសុវត្ថិភាព ខិតប័ណ្ណនិងពន្យល់ណែនាំពីច្បាប់ ចរាចរណ៍ផ្លូវគោក ដល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ជាង២០គ្រួសារ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នៅចំពោះមុខប្រជាពលរដ្ឋទាំងនោះ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងជំរុញដល់ពួកគាត់ ត្រូវចូលរួមអនុវត្តច្បាប់ចរាចរណ៍ ដូចជាត្រូវពាក់មួយកសុវត្ថិភាព ម៉ូតូត្រូវដាក់កញ្ចក់ និងត្រូវមានឯកសារ ច្បាប់ពាក់ព័ន្ធផងដែរ។ យ៉ាងណាក៏ដោយលោក ឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា តាមការពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋទាំងនោះ មានការយល់ដឹងច្រើនពីច្បាប់ចរាចរណ៍ និងបានចូលរួមគោរពទាំងអស់គ្នា ហើយលោកក៏បានចែកមួកសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងនោះផងដែរ។

នៅព្រឹកថ្ងៃដដែលនេះ លោកស្នងការ ក៏បានអញ្ជើញទៅពិនិត្យមើលការធ្វើស្លាកលេខម៉ូតូ និងរថយន្ត នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តផងដែរ ហើយតាមការមើលជាក់ស្តែង គឺមានប្រជាពលរដ្ឋជាច្រើននាក់ បានយកម៉ូតូ និងរថយន្តទៅធ្វើ នេះបង្ហាញថា ពួកគាត់ពិតជាបានចូលរួមអនុវត្តច្បាប់ចរាចរណ៍ យ៉ាងពិតប្រាកដ។

សកម្មភាពរបស់ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ខាងលើនេះ បានធ្វើឡើងក្រោយពី សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការណែនាំ ដល់បណ្តាស្នងការ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះអប់រំដល់ប្រជាលរដ្ឋតាមខ្នងផ្ទះ ដើម្បីឲ្យមានការស្វែងយល់ពី ច្បាប់ចរាចរណ៍កាន់តែខ្លាំងឡើង៕