(ភ្នំពេញ)៖​ រថយន្ត Camry បាឡែនមួយគ្រឿង បើកបរដោយបុរសស្រវឹងស្រាម្នាក់ ទើបនឹងចេញពីហាង ផឹកស៊ីយីហោ «ទីក្រុងខ្មែរ» បើកត្រឡប់ទៅផ្ទះវិញ ខណៈពេល​ដែលកំពុងតែបើក តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏បានរ៉េចង្កូតទៅបុករនាំងដែកចែកទ្រូងផ្លូវ បាក់អស់៥ផ្ទាំងរាបដល់ដីតែម្តង ។

ហេតុការណ៍នេះ កាលពីវេលាម៉ោង ២៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងកើតព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា​ នៅម៉ោងខាងលើគេបានឃើញរថយន្ត Camry បាឡែនពណ៌ទឹកប្រាក់ ស្លាកលេខសៀមរាប 2A-1678 បើកដោយបុរសម្នាក់ ​ទិសដៅពីកើតទៅលិច ដែលស្ថិតក្នុងស្ថានភាពស្រវឹង​ លុះបើកមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុករនាំង ដែលដែលដាក់ខណ្ឌចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់អស់៥ផ្ទាំង​ បន្ទាប់ពីបុកហើយអ្នកបើកបរស្រវឹងរូបនោះ មិនបានឈប់ទេ គឺព្យាយាមបើករថយន្តរត់ ទៅដល់រង្វង់មូលចោមចៅ​ ទើបត្រូវបានកម្លាំងសមត្ថកិច្ច របស់ខណ្ឌពោធិ៍សែនជ័យ ដែលយាមនៅគោលដៅនោះឃាត់បាន​ ។​

បន្ទាប់ពីឃាត់បាន​ អ្នកបើកបររួមជាមួយរថយន្ត​ ត្រូវបានបញ្ជួនទៅកាន់​ការិយាល័យចរាចរណ៍​ផ្លូវ​គោក ​នៃ​ស្នងការ​ដ្ឋាននគរ​បាលក្រុងភ្នំពេញ​ ដើម្បី​ដោះស្រាយ​សងសំណង​នៃ​ គ្រោះថ្នាក់ដែលបណ្តាលឲ្យខូចទ្រព្យសម្បត្តិ​ របស់​រដ្ឋនេះ​៕​