(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ស្អែកនេះ ក្រុមអ្នកស្ម័គ្រចិត្តជនជាតិជប៉ុននៅរាជធានីភ្នំពេញ នឹងរួមគ្នារៀបចំការប្រគំតន្រ្តីមួយ ដែលមានឈ្មោះថា «តភ្ជាប់ចិត្ត និង ចិត្ត (Heart to Heart Concert)» ដើម្បីរំលឹកខួប ៥ឆ្នាំ (១១ មីនា ២០១១-១១ មីនា ២០១៦) នៃគ្រោះមហន្តរាយរញ្ជួយដី និង រលកយក្សស៊ូណាមិ នៅតំបន់ TOHOKU ភាគឦសានប្រទេសជប៉ុន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន ដែល Fresh News ទទួលបាននៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការប្រគំតន្រ្តី «តភ្ជាប់ចិត្ត និង ចិត្ត» ធ្វើឡើងនៅ AEON MALL Daylight Plaza (GF) និង បើកឲ្យចូលរួមទស្សនាដោយសេរី។

សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ការប្រគំតន្រ្តីនេះ ធ្វើឡើងដើម្បីបួងសួងដល់ជនរងគ្រោះ នៅក្នុងអតីតកាល ដ៏សែនលំ បាក ដែលបានឆ្លងកាត់រួមគ្នា បន្ទាប់ពីគ្រោះមហន្តរាយ នឹងបាននាំមកជាមួយ​នូវទស្សនវិស័យសម្រាប់​អនាគត នៃតំបន់ ដែលបាន ទទួលនូវគ្រោះមហន្តរាយ TOHOKU។

នៅក្នុងកម្មវិធីប្រគំតន្រ្តីនេះ ក៏មានការចាក់បញ្ចាំងរូបភាព ការតាំងពិព័រណ៍រូបភាពទេសចរណ៍តំបន់ TOHOKU និង ការសំដែងតន្ត្រីរបស់កូនសិស្សកម្ពុជា និងជនជាតិជប៉ុន ការសំដែងអ្នកចម្រៀង​ជំនាញ និងអ្នកស្មគ្រចិត្តទាំងជនជាតិកម្ពុជា និង ជប៉ុន។

សូមបញ្ជាក់ថា គ្រោះរញ្ជួញដី និងស៊ូណាមិ ដ៏មហន្តរាយនៅតំបន់ TOHOKU  ប្រទេសជប៉ុន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ បណ្តាលឲ្យប្រជាពលរដ្ឋជប៉ុនជិត ២ម៉ឺននាក់ បានស្លាប់ និង រងរបួសជាង ៦ពាន់នាក់ ក្នុងចំណោមជនរងគ្រោះ ក៏មានជនបរទេសមួយចំនួនផងដែរ។ គ្រោះមហន្តរាយនេះ មានទំហំខូចខាតគិត​ជាទឹកប្រាក់ប្រមាណ ២២០ពាន់​លានដុល្លារអាមេរិក៕