(ភ្នំពេញ)៖ គណៈកម្មការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវ ក្រោមការដឹករបស់លោក កូប ស្លេះ អភិបាលរងខណ្ឌនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នេះ បានចុះអនុវត្ត និងពន្យល់ណែនាំ នៅតាមបណ្ដាសាលាមត្តេយ្យនីមួយៗ មាននាយក លោកគ្រូ អ្នកគ្រូ ចំនួន២ទីតាំង នៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដើម្បីឲ្យចេះពីវិធីសាស្ត្រ ផ្សេងៗ ក្នុងការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានឡើងជាយថាហេតុ។ 

លោក កូប ស្លេះ បានបញ្ជាក់ថា បន្ទាប់ពីគណៈកម្មការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវ ទទួលបានផែនការដឹកនាំពី គណៈកម្មការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ​រួចមក លោកបានបន្តដឹកនាំកម្លាំងចុះអនុវត្តភ្លាម ដោយជំហានដំបូង គណៈកម្មការ បានជ្រើសយកគោលដៅតាមសាលាមត្តេយ្យនីមួយៗ ដែលជាទីតាំងប្រមូលផ្ដុំដោយក្មេងតូចៗ កំពុងសិក្សា និងងាយរងគ្រោះបំផុត ប្រសិនបើ នាយក លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀនសិស្សមិនចេះពីរបៀបការពារទប់ស្កាត់គ្រោះអគ្គិភ័យទេនោះ។ អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា «ជាគោលការរបស់គណៈកម្មការបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវ បានតម្រូវឲ្យសាលាមត្តេយ្យ​នីមួយៗត្រូវធ្វើរបៀបមួយ​ចំនួនរួមមានទី១-​ត្រូវទុកច្រកចេញចូល​ឲ្យបានធំទូលាយ ទី២-ពេលលោកគ្រូ អ្នកគ្រូ កំពុងបង្រៀនសិស្សនោះមិនត្រូវ ចាក់សោររបងជាដាច់ខាត ទី៣-សាលាត្រូវមានកម្លាំងម្នាក់សម្រាប់ឈរយាមមាត់ច្រកចេញចូល ទី៤-តម្រូវឲ្យសាលា ត្រូវបំពាក់បំពង់បាញ់ពន្លត់អគ្គិភ័យពី ៤ទៅ៥បំពង់ ឫអាចលើស និងយោងតាមសាលាតូចធំ និងទី៥-នាយកសាលា លោកគ្រូ អ្នកគ្រូ ត្រូវចេះវិធីប្រើប្រាស់​បំពង់បាញ់ពន្លត់ អគ្គិភ័យដើម្បីសង្គ្រោះបឋម ទម្រាំមានការអន្តរាគមន៍ពីរថយន្ដពន្លត់អគ្គិភ័យ»

លោកអភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់បន្ថែមថា ក្នុងការចុះអនុវត្ត​របស់​គណៈកម្មការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវ មិនត្រឹមតែអនុវត្តចំពោះតែសាលាមត្តេយ្យនោះទេ តែតាម​គោល​ការណ៍ដែលត្រូវអនុវត្តន៍រួមមាន ដូចជា សាលាស្ថាប័នរដ្ឋ និងឯកជន តាមសណ្ឋាគារ ផ្ទះសំណាក់ សហគ្រាសផ្សេងៗជាដើម ។ល។ លោកអភិបាលរងបានបន្តថា ដោយឡែក​គោលការណ៍​ទាំងប៉ុន្មានចំណុច ខាងលើ ដែលគណៈកម្មការបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យ ខណ្ឌឫស្សីកែវបានដាក់ជូននេះ តម្រូវឲ្យម្ចាស់ទីតាំងត្រូវ អនុវត្តតាមគោលការណ៍ បើមិនដូចច្នោះ​អាចប្រឈម នឹងការ​បិទទីតាំង និងពិន័យជាទឹកប្រាក់តាមគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន៕

Posted by Fresh News Photo on Wednesday, March 9, 2016