(ភ្នំពេញ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford ប្រចាំកម្ពុជា នៅថ្ងៃច័ន្ទ ទី០៧ ខែមីនា ឆ្នាំ២០១៦ បានឧបត្ថម្ភ​ក្នុងការរៀបចំកម្មវិធីចែករង្វាន់ជូនដល់កីឡាករ កីឡាការនី ដែលបានចូលរួមការប្រកួតកីឡាទោចក្រយាន ប៉ែកបូព៌ាប្រទេសកម្ពុជា ២០១៦ ដែលប្រព្រឹត្តទៅ នៅអគារតាំងបង្ហាញរថយន្ត Ford ដែលមាន​ទីតាំងនៅតាម បណ្ដោយផ្លូវព្រះមុនីវង្ស។

កម្មវិធីចែករង្វាន់នេះប្រព្រឹត្ត ទៅនៅក្រោមអធីបតីភាពរបស់ លោក អ៊ុង សិទ្ធជាតិ ដែលជាអគ្គនាយកកីឡា នៃអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំយុវជននិងកីឡា លោកបណ្ឌិត ញឹម ខេមរា អនុប្រធាន​សហព័ន្ធខ្មែរ កីឡាទោចក្រយាន លោក ងន សំាង អគ្គនាយកក្រុមហ៊ុនRMA Cambodia និងសមាជិកក្រុមកីឡាករ កីឡាការិនីជាច្រើនកុះករ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA Cambodia បានសហការជាមួយនឹង សហព័ន្ធខ្មែរកីឡាទោចក្រយាន រៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងពង្រឹងនូវសមត្ថភាពកីឡាករ និងកីឡាការិនី​ឲ្យមាន​ការតស៊ូរ និងមានសមត្ថភាពខ្ពស់ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតអាស៊ាន នាពេលខាងមុខ។

ការប្រលងប្រណាំងនេះ បានចូលរួមដោយកីឡាករ កីឡាការនីចំនួន ៤០នាក់ ដែលក្នុងនោះអ្នកដែលជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានថវិការចំនួន ១,០០០,០០០ រៀល បំពង់ទឹកក្ដៅមួយ និងមួកមួយ ចំណាត់ថ្នាក់លេខពីរ ទទួលបានថវិការចំនួន ៦០០,០០០ រៀល បំពង់ទឹកក្ដៅមួយ និងមួកមួយ ចំណាត់ថ្នាក់លេខបី ទទួលបានថវិការចំនួន ៤០០,០០០ រៀល បំពង់ទឹកក្ដៅមួយ និងមួកមួយ ចំណាត់ថ្នាក់លេខបួន ទទួលបានថវិការចំនួន ២០០,០០០ រៀល កែវទឹកមួយ និងមួកមួយ ចំណាត់ថ្នាក់លេខប្រាំ ទទួលបានថវិការចំនួន ២០០,០០០រៀល កែវទឹកមួយ និងមួកមួយ ពីក្រុមហ៊ុន RMA Cambodia ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្តហ្វដនៅប្រទេសកម្ពុជា៕