(ភ្នំពេញ)៖ រដ្ឋាភិបាលអាល្លឺម៉ង់ ផ្តល់ជំនួយឥតសំណង នូវទឹកប្រាក់ចំនួន ៤១.៥៤លានអឺរ៉ូ ប្រហែលនឹង៤៥.៧០លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅអនុវត្តន៍លើ៧គម្រោង ក្នុងវិស័យសុខាភិបាល ហេដ្ឋារចនាសម័្ពន្ធ កំណែទម្រង់រដ្ឋបាលនិងវិមជ្ឈកាល ជាដើម។

ពិធីចុះហត្ថលេខាផ្តល់ និងទទួលជំនួយនេះ ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃ៩ ខែមីនា ឆ្នាំ២០១៦ នាវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយភាគីកម្ពុជាតំណាងដោយ ឧបនាយករដ្ឋមន្ត្រី គាត ឈន់ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯខាងភាគីអាល្លឺម៉ង់តំណាងដោយលោក Joachim Baron Marschall von Bieberstein ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា។

ភាគីទាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួនបី៖ ទី១-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុឆ្នាំ២០១៥-២០១៦, ទី២-​កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេស ឆ្នាំ២០១៥-២០១៦ និងទី៣-កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេស ឆ្នាំ២០១៥ សម្រាប់អនុវត្តន៍គំនិតផ្តួចផ្តើម ពិសេសស្តីពីពិភពលោកមួយគ្មានភាពអត់ឃ្លាន។

កិច្ចព្រមព្រៀងទាំងបី មានការផ្តល់ជំនួយឥតសំណង (ហិរញ្ញប្បទានឥតសំណង) សរុប៤១.៥៤លានអឺរ៉ូ ស្មើនិង៤៥.៧០​លានដុល្លារ ក្នុងនោះត្រូវបានបែងចែកជាផ្នែករួមមាន៖

១-​ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុ ឆ្នាំ២០១៥-២០១៦ បានគ្រោងផ្តល់ហិរញ្ញប្បទាន២២.១០លានអឺរ៉ូ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោង៖
-​ កម្មវិធីហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដំណាក់កាលទី៥និង៦
- មូលនិធិសមធម៌សុខាភិបាល និងការកែលម្អសេវាសុខាភិបាល។

២- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ឆ្នាំ២០១៥-២០១៦ បានគ្រោងផ្តល់ហិរញ្ញប្បទាន ១៤.៦៤លានអឺរ៉ូ សម្រាប់គាំទ្រដល់ការអនុវត្តគម្រោង៖
-កំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ
-កម្មវិធីគាំពារសុខភាពសង្គម ដំណាក់កាលទី៣
-អត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដំណាក់កាលទី៤
-កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ដំណាក់កាលទី៤
-មូលនិធិសម្រាប់ការសិក្សាស្រាវជ្រាវ និអ្នកឯកទេស។

៣- កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស ឆ្នាំ២០១៥ សម្រាប់អនុវត្តគំនិតផ្តួចផ្តើមពិសេស «ពិភពលោកមួយ គ្មានភាពអត់ឃ្លាន» គ្រោងផ្តល់ហិរញ្ញប្បទាន ៤,៨០ លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ។

លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានថ្លែងថា គិតរហូតដល់ចុងឆ្នាំ២០១៥ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ប្រមាណជិត ៥០០លានដុល្លារអាមេរិក។ ទំហំហិរញ្ញប្បទាននេះ មិនតំណាងឲ្យទំហំផ្តល់ហិរញ្ញប្បទានទាំងស្រុង របស់រដ្ឋាភិបាលអាល្លឺម៉ង់នោះឡើយ ព្រោះថា អាល្លឺមង់បានផ្លល់ធនធានដល់សហគមន៍អឺរ៉ុប ប្រមាណ២០ភាគរយ នៃធនធានសុរបរបស់សហគមន៍អឺរ៉ុប៕