(ព្រៃវែង)៖ លោក នេត សាវឿន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានជំរុញឲ្យ​បណ្តា​ក្រុមការងារចុះជួយឃុំ ប្រធានគណបក្សឃុំ និងប្រធានសាខាបក្សភូមិ ត្រូវពង្រឹង ពង្រីក និងចងក្រងក្រុមបក្សដោយគុណភាព ដើម្បីងាយស្រួលគ្រប់គ្រង និងក្តាប់ការប្រែប្រួលសមាជិក។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មី និងទិសដៅការងារគណបក្សក្នុងស្រុកកញ្រ្ជៀច នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាស្រុកកញ្រ្ជៀច លោក នេត សាវឿន មានថ្លែងថា ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងការបោះឆ្នោតសកល ឆ្នាំ២០១៨ ខាងមុខទទួលបានជោគជ័យ និងកើនអសនៈ ក្រុមការងារត្រូវរៀប​ចំ​យន្តការឲ្យបានច្បាស់លាស់ និងធ្វើផែនការបច្ចុប្បន្នភាពសមាជិកបក្ស ដើម្បីក្តាប់ឲ្យបានពីចំនួនសមាជិកណាខ្លះដែលមានវត្តមាននៅក្នុងមូលដ្ឋាន និងសមាជិកណាខ្លះដែលធ្វើចំណាក់ស្រុក។

លោក នេត សាវឿន បានបន្តថា «ក្រុមការងារឃុំ និងសាខាបក្សភូមិត្រូវពិនិត្យសៀវភៅក្រុមបក្សចុងក្រោយ រួចប្រគល់ឲ្យក្រុមប្រតិបត្តិការ ដើម្បីធ្វើកិច្ចការងារនេះ ជាពិសេសចុះតាម​ខ្នងផ្ទះដើម្បីពិនិត្យ​ផ្ទៀងផ្ទាត់​វត្តមាន មរណភាពសមាជិក ការផ្លាស់ប្តូរទីលំនៅ និងក្តាប់ឲ្យបានពីយុវជនដែល​គ្រប់អាយុត្រូវអប់រំ​បញ្ចូលជាសមាជិកថ្មីរបស់គណបក្ស»

ជាមួយគ្នានោះ លោក នេត សាវឿន ក៏បានជំរុញឲ្យមន្រ្តី​ទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយឃុំ និងមន្រ្តីបក្ស ត្រូវខិតខំបំពេញការងារទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពិសេសនៅពេលប្រជា​ពលរដ្ឋជួបការលំបាក ហើយត្រូវរួមគ្នាខិតខំដោះស្រាយបញ្ហា ទឹក ភ្លើង ផ្លូវថ្នល់ ឲ្យបានគ្រប់ឃុំ និងរួមសាមគ្គីគ្នាការពារសមិទ្ធផលទាំងឡាយ របស់គណបក្សប្រជាជនឲ្យបានស្ថិតស្ថេរគង់វង្ស។ ក្នុងឱកាសនោះដែរ លោក នេត សាវឿន ក៏បានឧបត្ថម្ភថវិកាដល់គណបក្សស្រុកកញ្រ្ជៀចចំនួន៥០ម៉ឺនរៀល គណបក្សឃុំទាំង៨ក្នុងស្រុកកញ្រ្ជៀច ក្នុងមួយឃុំ ៥០ម៉ឺនរៀល និងបានប្រកាសផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង១០០ភាគរយ ចំនួន១០០នាក់ នៅសាកលវិទ្យាល័យបញ្ញាជាតិ និង១០០ភាគរយ ចំនួន៥នាក់៧០ភាគរយ ចំនួន៣០នាក់ នៅសាកលវិទ្យាល័យមេគង្គកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧ ដល់យុវជនគណបក្សស្រុកកញ្រ្ជៀច៕