(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានចាត់ទុកស្រ្តីមានតួនាទីសំខាន់ ដែលមិនអាចខ្វះបាន សម្រាប់ការចូលរួមក្នុងសង្គមជាតិ ស្ត្រីគឺជាមាតាពិភពលោក ស្ត្រីបានចូលរួមដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ ប្រទេសជាតិ នៅក្នុងប្រទេសកម្ពុជា ជាក់ស្តែងសកម្មភាពការងារសង្គមរបស់ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាមាតានៃកម្ពុជា។

លោកឧត្តមសេនីយ៍ មាស សុវណ្ណ បានលើកឡើងថា «នៅក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង យើងមានស្ត្រី៥រូប បានកំពុងនឹងបំពេញតួនាទី និងបញ្ចប់វគ្គសិក្សារយៈពេល៩ខែ ជាមន្ត្រីកងរាជអាវុធហត្ថ ដូច្នេះស្ត្រីក៏អាចធ្វើជាអ្នកដឹកនាំការងារផ្សេងៗ ដូចបុរសដែរ ហើយប្រមុខរាជរដ្ឋាភិបាល បានលើកតម្កើងស្រ្តីជាខ្លាំង គឺឲ្យមានសិទ្ធិស្មើនឹងបុរសទៀតផង»

តាមក្រាំងប្រវត្តិសាស្ត្រកម្ពុជា មុន១០៥ឆ្នាំកន្លងទៅ ស្ត្រីទូទៅបំពេញតួនាទីជាស្ត្រីមេផ្ទះប៉ុណ្ណោះ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៨០ ក្រោមការដឹកនាំដោយឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំប្រារព្ធទិវានេះឡើង ដើម្បីបញ្ជាក់ពីការទទួលស្គាល់សិទ្ធិ និងតម្លៃស្រ្តីចូលរួមក្នុងសង្គមកម្ពុជា ។

ប្រធានបទ នៃទិវានារីអន្តរជាតិ ឆ្នាំនេះគឺ «វិនិយោគលើសមភាពយេឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព» សមភាពយេឌ័រគឺជា គោលការណ៍គ្រឹះ ដ៏សំខាន់មួយ មាននៅក្នុងរាល់បទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងសិទ្ធិ មនុស្សជាមូលដ្ឋាន។ គោលបំណងនៃ សមភាពយេឌ័រ គឺធ្វើយ៉ាងណាឲ្យស្ត្រី មានសិទ្ធិស្មើរគ្នា និងបុរស ដូចជាសិទ្ធិទទួលបានការងារធ្វើ សិទ្ធិក្នុងការសម្រេចចិត្តនានា និងធានាថាស្ត្រីមាន សិទ្ធិរួមចំណែក ក្នុងការអភិវឌ្ឍសង្គមជាតិ លុបបំបាត់រាល់អំពើហិង្សាក្នុងគ្រួសារ ការរើសអើងនិងផ្នត់គំនិត ចាស់គំរិល ដែលមានមកលើស្ត្រី»

ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី១០៥ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ បញ្ជាការបន្តថា «ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយស្មារតី នៃទិវាអន្តរជាតិនារី ៨មីនា ឲ្យក្លាយជាសកម្មភាព ជាក់ស្តែងសម្រាប់ ការលើកកម្ពស់សមធម៌ យេនឌ័រនៅកម្ពុជា ក៏ដូចក្នុងអង្គភាព។ ដូចដែលយើង បានដឹងទាំងអស់គ្នា រួចមកហើយនូវព្រះរាជសារ ព្រះវររាជមាតាជាតិខ្មែរ ទិវាអន្តរជាតិនារី៨មីនា ដែលបងប្អូននារី យើងកំពុងប្រារព្ធ ប្រកបដោយឆន្ទៈ មុះមុតគឺជា ព្រឹត្តការណ៍ប្រចាំឆ្នាំដ៏សំខាន់ មួយរំលឹកឲ្យយើង ទាំងអស់គ្នា ឲ្យពិនិត្យមើលទៅលើស្ថានភាព ជីវភាព ឋានៈ តួនាទី ស្រ្តីកម្ពុជា ដែលជាធនធានមនុស្សប្រកប ដោយសក្តានុពលនៅក្នុងគ្រួសារនិងសង្គមលើការអប់រំ គ្រប់គ្រង ផ្គត់ផ្គង់ ថែបំប៉ន់សមាជិកគ្រួសាររួមទាំង ការលើកកម្ពស់សីលធម៌ សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សផងដែរ»

នាឱកាសនោះលោកមេបញ្ជាការ ក៏បានជួយឧបត្ថម ថវិកាដល់ស្រ្តីកំពុងបម្រើការងារក្នុងអង្គភាពផងដែរ។ ស្ត្រីជាមន្ត្រី កងរាជអាវុធហត្ថ ទាំង៥រូប បានថ្លែងអំណរគុណចំពោះលោកមេបញ្ជាការ ដែលតែងតែយកចិត្តទុកដាក់ដល់ពួកគាត់ជាស្ត្រី កំពុងបម្រើការងារ ទង្វើនេៈបានស្តែងចេញ នៅការស្រឡាញ់ អាណិត ចាត់ទុកស្ត្រីដូចជាម្តាយ បងស្រី ប្អូនស្រី ជាកូនស្រី និងលើកទឹកចិត្តដល់ស្រ្តី ឲ្យមានការខិតខំប្រឹងប្រែង ប្រឡង ប្រជែងលើផ្នែកការងារ ៕