(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងស្នើឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់យោគ យល់ដល់ការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ជាពិសេសលើបញ្ហាប្រាក់បៀវត្សរ៍ ដោយសម្តេចបានលើកឡើងថា ការគ្រប់គ្រងរដ្ឋមួយ  មិនស្រួលដូចការដើរសន្យានោះឡើយ។

ថ្លែងចេញពីវិទ្យាស្ថានជាតិអប់រំ ក្នុងពេលអញ្ជើញចែកសញ្ញាបត្រដល់គ្រូៗបញ្ចប់ការសិក្សាគរុកោសល្យនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាលតែងគិតគូរ និង យកចិត្តទុកដាក់ខ្លាំងលើការគ្រប់គ្រងបែងចែក  និងដំឡើងប្រាក់បៀវត្សរ៍មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងការធ្វើចរាចរណ៍សាច់ប្រាក់នៅលើទីផ្សារផងដែរ។

សម្តេចបានបន្ថែមថា នៅក្នុងខែមីនា មេសា និង ឧសភា រាជរដ្ឋាភិបាលត្រូវបញ្ចេញសាច់ប្រាក់ជាបន្តបន្ទាប់ ដែលជាការបញ្ចេញសាច់ ប្រាក់យ៉ាងធំ ដើម្បីបំពេញតម្រូវការរបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សម្រាប់យកទៅចាយវាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និង នៅក្រោយពេលចូលឆ្នាំ។

សម្តេចបានថ្លែងយ៉ាងដូច្នេះ «នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ បៀវត្សរ៍ត្រូវបើកឌុបហ្មង! ម៉េចបានថាបើកឌុប ចុងខែ៣បើកម្តង ដល់ដើមខែ៤ ឡើងទាំងប្រាក់ខែហើយ បើកមុនចូលឆ្នាំ។ បញ្ហានេះទាមទារឲ្យមានការប្រុងប្រយ័ត្នបំផុតក្នុងចុងខែ៣ និង ចុងខែ៤  នេះ ត្រូវប្រយ័ត្នប្រយ័ត្នយ៉ាងម៉េច? ឥឡូវចុងខែ៣ នាំគ្នាបើកប្រាក់ខែក្នុងហ្នឹងកំណើនបៀវត្សរ៍ គឺមាន ១២ភាគរយ ប្រៀបធៀបពីឆ្នាំ ទៅដល់១០ថ្ងៃក្រោយ ព្រោះត្រូវបើកមុនចូលឆ្នាំ ដូច្នេះអាទំហំសាច់ប្រាក់ចេញទៅលើទីផ្សារហ្នឹងវាធំណាស់។ ចឹងទាមទារឲ្យមានការប្រយ័ត្នប្រយែងទៅលើការ គ្រប់គ្រងសាច់ប្រាក់ ហើយក្រោយចូលឆ្នាំត្រូវប្រយ័ត្នទៀត ប្រយ័ត្នយ៉ាងម៉េច? ដោយសារតែបើកប្រាក់ខែ ខែមេសា បើកនៅអាទិត្យទី២ ចឹងទេយកទៅចាយអស់ ចឹងទេខែ៥ ត្រូវបើកក្នុងអាទិត្យទី៣»

សម្តេចនាយករដ្ឋមន្រ្តី បានបន្តថា «បញ្ហាហ្នឹងត្រូវគិតជាកញ្ចប់អីចឹង ព្រោះម្ខាងគិតអំពីសាច់ប្រាក់នៅលើទីផ្សារ ម្ខាងទៀតត្រូវគិតថា ពេលគេយកទៅ គេមិនដែលយកទៅទុកចោលទេ គេយកទៅចាយហើយ។ បើចាយវាអស់លុយ អស់លុយគិតធ្វើម៉េច ត្រូវបើកឲ្យគេក្នុងអាទិត្យទី៣ នៃខែឧសភា។ ចំណុចទាំងអស់នេះ ខ្ញុំសង្ឃឹមថា មន្រ្តីអប់រំរបស់យើង គ្រូបង្រៀនរបស់យើង និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើងពិត ជាយល់នូវវិធីគ្រប់គ្រងរដ្ឋមួយ មិនមែនចេះតែដើរសន្យាថា ត្រូវតែបានប៉ុណ្ណោះភ្លាមៗ អូរ! អាលាយហើយ»

ថ្លែងដល់ការសន្យានេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសន្យាដែលគ្មានស្ថិតិច្បាស់លាស់មួយ គឺជាគ្រោះថ្នាក់បំផុត។ សម្តេចបានលើកជាឧទារហរណ៍ថា «ឧទាហរណ៍យុវជន ១៥ឆ្នាំត្រូវតែបានប្រាក់ អត់ទាន់មានស្ថិតិមួយផង អីចឹងអ្នកណាក៏អាយុ  ១៥ឆ្នាំដែរ ខ្ញុំក៏អាយុ ១៥ឆ្នាំដែរ។ អីចឹងងាប់ អាណឹងចូលក្រឡាងាប់ហ្មង វាមិនមែនជាបញ្ហាស្រួលពេកទេ»

ថ្លែងដល់ការបើកប្រាក់បៀវត្សរ៍សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីភាពសប្បាយចិត្តផងដែរ ដែលបច្ចុប្បន្នរាជរដ្ឋាភិបាលមាន លទ្ធភាពបើកប្រាក់ បៀវត្សរ៍ជូនមន្រ្តីរាជការនៅដំណាច់ខែ ដែលកាលពីអំឡុងឆ្នាំ១៩៩៧, ១៩៩៨ និងឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលត្រូវ ជំពាក់ប្រាក់ខែមន្រ្តីរាជការរហូតដល់ ២-៣ខែឯណោះ។ សម្តេចនាយករដ្ឋមន្រ្តីថា គ្មានការលំបាកណាជាងធ្វើជានាយករដ្ឋមន្រ្តីគ្មាន សាច់ប្រាក់នោះទេ៕