(​អាមេរិក​)៖ លោ​ស្រី​បណ្ឌិត Geraldine Richmond តំណាង​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សហរដ្ឋអាមេរិក មក​បំពេញ​ទស្សនកិច្ច នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ទី​១៩ ខែ​មីនា ខាងមុខនេះ ស្របតាម​គោលដៅ​របស់​រដ្ឋបាល​ប្រធានាធិបតី​លោក បា​រ៉ាក់ អូ​បា​ម៉ា ដែល​ចង់​បង្កើន​វិស័យ​អប់រំ និង​វិទ្យាសាស្ត្រ ទៅកាន់​បណ្តា​ប្រទេស នានា​នៅ​សកលលោក​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ពី​ក្រសួង​ការបរទេស​អាមេរិក នៅ​ថ្ងៃ​ពុធ ទី​០៩ ខែ​មីនា ឆ្នាំ ២០១៦​។​

​នៅពេល​ខាងមុខ​នេះ នឹង​ត្រូវ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​បួន​ហើយ សម្រាប់​បណ្ឌិត Richmond មក​កាន់​តំបន់ អាស៊ីអាគ្នេយ៍ ក្នុងនាម​ជា​តំណាង​ផ្នែក​វិទ្យាសាស្ត្រ​របស់​សហរដ្ឋអាមេរិក​។ លោក នឹង​បន្ត​នូវ​បេសកកម្ម​របស់​លោក កាល​ពី​បី​លើក​មុន ដោយ​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី រួមមាន កម្ពុជា​, ថៃ និង​ឡាវ​។​

​សម្រាប់​ប្រទេស​ដែល​លោកស្រី Richmond នឹង​បំពេញ​ទស្សនកិច្ច​មុនគេ​នោះ គឺ​ប្រទេស​ថៃ​ចាប់​ពី​ថ្ងៃ​ទី​០៧ ដល់​ទី​០៨ ខែ​មីនា ដោយ​ក្នុង​នោះ​លោក​ស្រី​នឹង ចូល​កិច្ចប្រជុំ​គណកម្មការ​រួម​រវាង អាមេរិក​-​ថៃឡង់​ដ៍ ស្តី​ពី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​ទីក្រុង​បាងកក ដើម្បី​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ផ្នែក វិទ្យាសាស្ត្រ​, បច្ចេកវិទ្យា​, វិស្វកម្ម និង​គណិតវិទ្យា (STEM) ហើយក៏ នឹង​មាន​ការលើកឡើង​ពី​តម្រូវការ​ចាំបាច់​នៃ​សកលលោក​ដូចជា ចំណីអាហារ​, សុខភាព​, ថាមពល និង​បច្ចេកវិទ្យា សម្រាប់​ជំរុញ​ល្បឿន​ពាណិជ្ជកម្ម​ផងដែរ​។​

​ដោយឡែក​លោកស្រី​បណ្ឌិត នឹង​បន្តដំណើរ​មក​កម្ពុជា ដើម្បី​បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃ​ទី ១០ ដល់​ទី​១៤ ខែ​មីនា ដែល​លោកស្រី​នឹង​ចូលរួម​ក្នុង​ពិធី​ស្វែងយល់​ពី វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​កម្ពុជា ហើយ​ក្នុងនោះ​ប្រធានបទ​សំខាន់​ដែល​លោក ស្រី​នឹង​លើក​ឡើង​គឺ «​តើ​ហេតុអ្វី បានជា​ខ្ញុំ​ចង់​ក្លាយជា​អ្នកវិទ្យាសាស្ត្រ​?» សម្រាប់​ទស្សនកិច្ច​បញ្ចប់ លោកស្រី នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ឡាវ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ទី​១៩ ខែ​មីនា​៕​