(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ រដ្ឋសភានឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់សហជីព។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅសាលសន្និសីទ២-៣ នៃវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន។ នេះបានតាមការជូនដំណឹងរបស់មន្រ្តីរដ្ឋសភាជាតិ។

សិក្ខាសាលានេះ នឹងមានការចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តី​អគ្គលេខាធិការដ្ឋានរដ្ឋសភា ព្រឹទ្ធសភា ផងដែរ។

ក្រុមសហជីពមួយចំនួន នាថ្មីៗនេះក៏បានចេញសេចក្តីជូនដំណឹងមួយដែរថា បន្ទាប់ពីសិក្ខាសាលាពិគ្រោះយោបល់នេះរួចរាល់ ពួកគេនឹងធ្វើសន្នសីទកាសែតមួយផងដែរ ដើម្បីបង្ហាញពីការគាំ​ទ្រឬ​យ៉ាងណា?។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់សហជីព ត្រូវបានរៀបចំកែប្រែជាថ្មី ដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ កាលពីពាក់កណ្តាលខែមករា ឆ្នាំ២០១៦ ។ ការកែប្រែជាថ្មី​២១ចំណុចនេះ បានធ្វើឡើងបន្ទាប់ពីក្រុមសហជីព បានធ្វើការតវ៉ា សម្តែងការមិនពេញចិត្តចំពោះការរៀបចំសេចក្តីព្រាងច្បាប់នេះកន្លងមក ។

យ៉ាងណាក៏ដោយ កាលពីថ្ងៃទី០៦ ខែមីនា កន្លងទៅនេះ ក្រុមសហជីព និងអង្គការសង្គមស៊ីវិល ប្រមាណ២១អង្គភាព បានចេញសេចក្តីថ្លែងការណ៍រួមថា ពួកគេមិនឃើញគណបក្សទាំងពីរ កែប្រែសេចក្តីព្រាងច្បាប់នេះ ជាដុំកំភួននោះទេ។ សហជីព និងសង្គមស៊ីវិល បានអំពាវនាវជាថ្មី ឱ្យរដ្ឋសភាផ្តល់ពេលវេលាគ្រប់គ្រាន់ សម្រាប់សហជីពផ្តល់​យោបល់លើសេចក្តីព្រាង​ច្បាប់ស្តីពីសហជីពឱ្យបានគ្រប់​ជ្រុងជ្រោយ ហើយទទួលយក​សំណើ​របស់សហជីព​ដាក់បញ្ចូលទៅក្នុងសេចក្តី​ព្រាងច្បាប់​នេះថែមទៀត៕