(ភ្នំពេញ)៖ ប្រធាននាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានប្រាប់ Fresh  News ថា នៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលនឹងដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនទីតាំងនៅតាមបណ្តាខេត្ត និង  ផ្លូវចូលមកកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរកអ្នកបើកបរក្រោមឥទ្ធិជាតិស្រវឹង។

លោក រុន រ័ត្នវាសនា បានឲ្យដឹងថា នៅយប់នេះ ផ្លូវចូលមកក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់គោលដៅត្រួតពិនិត្យទាំងអស់ រីឯតាមប ណ្តាខេត្ត ក៏បានដាក់ផងដែរ មានដូចជាខេត្តកំពង់ធំ (១គោលដៅ)  ខេត្តស្វាយរៀង (៣គោលដៅ) ខេត្តកំពង់ស្ពឹ (១គោលដៅ) និង  ខេត្តកណ្តាល (៣គោលដៅ)។

សូមបញ្ជាក់ថា ដើម្បីការពារអាយុជីវិតអ្នកដំណើរលើដងវិថីពីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបរក្រោមឥទ្ធិពល ជាតិស្រវឹងនោះ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃជាសេនាធិការ បានដាក់ពង្រាយកម្លាំងនគរបាលចរាចរណ៍ត្រួតពិនិត្យជា រៀងរាល់យប់ចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺ ទាំងនៅក្នុងរាជធានីភ្នំពេញ និង ដងផ្លូវជាតិសំខាន់ៗតាមបណ្តាខេត្ត។

ការដាក់ចេញវិធានការទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹងនេះ បានធ្វើឲ្យប្រជាអ្នកបើកបរជាច្រើនចាប់ផ្តើមខ្លាចរអា ហើយ រាល់ការសេពគ្រឿងស្រវឹង ពួកគេតែងនឹកគិតជានិច្ចដល់ការផាកពិន័យរបស់កម្លាំងនគរបាល។ និន្នាការ ត្រូវបានគេមើលឃើញថា  អាចចូលរួមចំណែកច្រើន ក្នុងការបន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ក្រោមឥទ្ធិពលជាតិស្រវឹង។

ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី បានកំណត់ថា ជនណា បើកបរយានយន្តស្ថិតក្រោមឥទ្ធិពលជាតិស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី០,៨០ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ និងពិន័យជាប្រាក់ពី ៨ សែនរៀល ទៅ ៤ លានរៀល៕