(កណ្តាល)៖ នៅរសៀលថ្ងៃទី០៨ ខែមីនា ថ្ងៃដែលពិភពលោកកំពុងប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១០៥ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ដែលជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ ខេត្តកណ្តាលផងនោះ បានចុះជួបសំណេះសំណាល និង លើកទឹកចិត្តដល់ស្រ្តីជាថ្នាក់ដឹកនាំនៅទូទាំងស្រុកកោះធំ។

ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ ក្នុងកិច្ចសំណេះសំណាលនេះ លោក ស៊ុន ចាន់ថុល បានថ្លែងអំពាវនាវទៅដល់បុរសទាំងអស់ ឲ្យបញ្ឈប់ការប្រើអំពើហិង្សាលើស្រ្តី។ លោកបន្តថា ស្រ្តី គឺជាដៃគូជីវិត ដែលមិនអាចខ្វះខាត ក្នុងកសាងសង្គមគ្រួសារឲ្យរីកចម្រើន។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ផងដែរ ពីតួនាទី ដ៏សំខាន់របស់ស្រ្តីនៅក្នុងសង្គមជាតិ ដូចដែលរាជរដ្ឋាភិបាលបានប្រសិទ្ធនាមថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ ទន្ទឹមនឹងនេះ​លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យស្រ្តីពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីឈានទៅរកការដឹកនាំ។

បន្ទាប់ពីសំណេះសំណាល លោកទេសរដ្ឋមន្រ្តី ក៏បានជូនបាច់ផ្កា និងរង្វាន់លើកទឹកចិត្តមួយចំនួនដល់ស្រ្តីផងដែរ៕