(ភ្នំពេញ)៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅរសៀលថ្ងៃទី០៨ ខែមីនានេះថា សម្ដេចមិនប្រើប្រាស់ Facebook របស់សម្តេច ដើម្បីប្រកួតប្រជែង​ជាមួយ​នរណាម្នាក់នោះ​ទេ តែសម្តេច​ប្រើ Facebook ដើម្បីប្រសិទ្ធភាពការងារ ក្នុងការចូលរួមចំណែកក្នុងការងារ អភិវឌ្ឍន៍ប្រទេស។

ការថ្លែងបែបនេះ របស់សម្ដេចតេជោ ធ្វើឡើងនៅក្នុងឱកាស ដែលសម្ដេចអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាការជ័យលាភី នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៨ នៅ​ប្រទេសសង្ហបុរី និងក្រុមកីឡាបាល់ទាត់ Cambodia All Stars ដែលរៀបចំឡើងនៅវិមានសន្ដិភាព។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា​ «ខ្ញុំអត់បានយកបញ្ហាហ្នឹង (Facebook) ប្រកួតប្រជែងជាមួយនរណា ដើម្បីប្រជាប្រិយភាពទេ។ ខ្ញុំយកបញ្ហា Facebook របស់ខ្ញុំ ដើម្បីបម្រើការងារឲ្យប្រសិទ្ធភាពជាតិ ហើយនរណាក៏បោកខ្ញុំមិនបានដែរ លែងបោកខ្ញុំបានហើយ អានៅកន្លៀតកន្លោះ កន្លែងណាក៏ចេញមកអស់ដែរ»។

ក្នុងឱកាសនោះ សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា Facebook របស់សម្ដេចមានអ្នក Like ច្រើនជាងគេនៅកម្ពុជា ដោយទើបតែវ៉ាឈ្នះ Facebook របស់ VOA Khmer នៅថ្ងៃចន្ទ ទី០៧ ខែមីនាម្សិលមិញ៕