(​ព្រុច​សែ​ល​)៖ សហភាព​អឺរ៉ុប និង​ប្រទេស​តួ​ក​គី និយាយថា​ពួកគេ បាន​ព្រមព្រៀង​លើ​បែបបទ​មួយចំនួន ក្នុង​ផែនការ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន នៅក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ នា​ទីក្រុង​ព្រុច​សែ​ល ប្រទេស​ប៊ែលហ្សិក ប៉ុន្តែ​ដំណោះស្រាយ​ចុងក្រោយ នឹង​ត្រូវ​ពន្យា​ពេល​ដើម្បី​សម្រេច​លើ​ក​ក្រោយ​។ នេះ​បើ​តាម​ការផ្សាយ​របស់ សារព័ត៌មាន BBC នៅ​ថ្ងៃ​អង្គារ ទី​០៨ ខែ​មីនា ឆ្នាំ​២០១៦​។​

​លោក ដូ​ណា​ល់ តា​ស់ក៍ (Donald Tusk) ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប បាន​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយនឹង​តួ​ក​គី​ថា ជនភៀសខ្លួន​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ នោះ​នឹង​ត្រូវ​រៀបចំ​ឲ្យមាន​ការបញ្ជូន​ត្រឹមត្រូវ ទៅកាន់​បណ្តា​ប្រទេស​នានា​នៅ​អឺរ៉ុប ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មិន​ប្រក្រតី ឬ​អាចជា​អ្នក​ក្លែងបន្លំ​ជា​ជនភៀសខ្លួន នោះ​នឹង​ត្រូវ​មន្ត្រី​មាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់ ទី​កន្លែង​ដើម​របស់​ពួក​គេ​វិញ​។​

​គួរបញ្ជាក់​ថា ប្រទេស​តួ​ក​គី និង​ក្រិក គឺជា​ច្រកចូល​សំខាន់​បំផុត​សម្រាប់​ជនភៀសខ្លួន​ពី​អាស៊ី​ខាងត្បូង មជ្ឈិម​បូព៌ា និង​អាហ្វ្រិក​ខាងជើង ស្របពេល​ដែល​ជនភៀសខ្លួន​រាប់លាន​នាក់​គឺជា​ជនជាតិ​ស៊ី​រី​។ កិច្ចប្រជុំ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​បន្តទៀត​នៅក្នុង​សហភាព​អឺរ៉ុប នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ១៧ ដល់ ១៨ ខែ​មីនា ខាងមុខនេះ​៕​