(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ គឺជាថ្ងៃអបអរសាទរខួបលើកទី១០៥ សិទ្ធនារីអន្តរជាតិ៨មីនា លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវថ្មី ដែលទើបប្រកាសតែងតាំងថ្មីៗនេះ បានដឹកនាំកម្លាំងយុវជនខណ្ឌ និងសង្កាត់ឫស្សីកែវ សហការជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ រួមនិងសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (អ.ម.ក) បានចុះសួរសុខទុក្ខពិនិត្យជំងឺ និងផ្ដល់ការណែនាំឲ្យប្រជាពលរដ្ឋចេះថែទាំសុខភាពដោយរស់នៅស្អាត ហូបស្អាត ព្រមទាំងផ្ដល់ថ្នាំបង្ការជំងឺរាគរុះផ្សេងៗ​ជូនដល់ប្រជាពលរដ្ឋនៅ​តាមបន្ទប់ជួល ចំនួន៣០០បន្ទប់ក្នុង សង្កាត់ឫស្សីកែវ។

អភិបាលខណ្ឌឫស្សីកែវថ្មី លោក ជា ពិសី បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋតាមលំនៅដ្ឋានបន្ទប់ជួលនីមួយៗ ដោយឲ្យប្រជាពលរដ្ឋត្រូវរាយការណ៍មកអាជ្ញាធរសង្កាត់ភ្លាម ដែលមានលោក មូល វិរៈ ជាចៅសង្កាត់ឫស្សីកែវ ប្រសិនបើបងប្អូនជួប បញ្ហា ឫជំងឺឈឺថ្កាត់ផ្សេងដែលមិនអាចដោះស្រាយបាន ដោយសំខាន់បងប្អូនត្រូវចេះថែទាំសុខភាពក្នុងការរស់នៅស្អាត និងហូបស្អាត ដើម្បីជាសវាងឆ្លងជំងឺដង្កាត់ផ្សេងៗ រាគរុះជាដើម។ លោកអភិបាលខណ្ឌឫស្សីកែវ បានថ្លែងទៀតថា «សុខទុក្ខលំបាករបស់ប្រជាពលរដ្ឋ គឺជាទុក្ខលំបាករបស់​អាជ្ញាធរថ្នាក់​មូលដ្ឋាន ក៏ដូចជាទុក្ខលំបាករបស់​ថ្នាក់ដឹកនាំកំពូល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលលោកទាំង២ តែងតែគិតគូរាល់​ទុក​លំបាករបស់​​ប្រជាពលរដ្ឋជានិច្ចជាកាល»

ជាមួយគ្នានោះដោយមានការចង្អុលបង្ហាញ ដ៏យកចិត្តទុកដាក់បំផុតពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ រួចមកលោកវិជ្ជបណ្ឌិត សឹម សូយេង បានដឹកនាំក្រុម​យុវជនប្រមាណជា២០នាក់ សហការនិងក្រុមយុវជន(ស ស យ ក) របស់សាលាសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ចុះមកទីនេះ ហើយនេះជាលើកទី១ហើយ ដែលសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តសម្ដេច​តេជោ និងសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមសហការ និងអាជ្ញាធរថ្នាក់មូលដ្ឋាន ចុះជួយពិនិត្យជំងឺ និងផ្ដល់ថ្នាំព្រមទាំងចែកជូន មីក្នុងម្នាក់៤កញ្ចប់ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន តាមបន្ទប់ជួលនីមួយៗផងដែរ។ ក្នុងឱកាសនោះដែរ លោក សឹម សូយេង បានពាំនាំនូវគំនិតផ្ដួចផ្ដើមរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ថា បច្ចុប្បន្នសមាគមបាន និងកំពុងខិតខំប្រឹងប្រែងពង្រីកបន្ថែម​លើវិសាលភាពឲ្យកាន់តែទូលាយ​ក្នុងការចុះពិនិត្យជំងឺ​ជូនបងប្អូនប្រជាពលរដ្ឋ​តាមបណ្ដាខណ្ឌ​ទូទាំងរាជធានី​ភ្នំពេញផងដែរ៕

Posted by Sheet on Tuesday, March 8, 2016