(បាត់ដំបង)៖ លោក សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំអូរតាគី និងឃុំតាម៉ឺន ស្រុកថ្មគោល បានប្រាប់សមាជិកបក្សមូលដ្ឋាន និងក្រុមយុវជនថា គោលនយោបាយនិងថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ល្អជាងបក្សដ៏ទៃគ្រប់យ៉ាង ហើយនឹងឈ្នះឆ្នោត ពេលបោះឆ្នោតឃុំ-សង្កាត់នៅ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨ ដើម្បីដឹកនាំប្រទេសបន្តការអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនថែមទៀតដូច្នេះម្នាក់ៗត្រូវបង្កើនសកម្មភាព ចុះជួយ ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង។

ការថ្លែងបែបនេះ ខណៈដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយការអនវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ធ្វើឡើងនៅស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំអូរតាគី ស្រុកថ្មគោល នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦។ នៅក្នុងពិធីកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម ពីសំណាក់ លោក អ៊ូច អ៊ាង ប្រធានគណៈបក្សស្រុក លោក ប៉ង់ណាប់ ប្រធានគណបក្សឃុំអូរតាគី និងលោក ឌៀង ម៉ាក ប្រធានគណបក្សឃុំតាម៉ឺន ស្រុកថ្មគោល ប្រធានសាខាគណបក្សភូមិ សមាជិកសមាជិកាបក្ស យុវជនបក្ស ទាំងអស់សរុប១០០នាក់។

លោក សួស អង្គារ៍ បានជម្រាបជូនដល់មន្ត្រីបក្ស ដែលបានចូលរួម ទាំងអស់ ជាពិសេសមន្រ្តីបក្សមកពីតាមមូលដ្ឋាន ភូមិ ឃុំទាំង២ ក្នុងស្រុក បានជ្រាបក្នុងពិធីប្រជុំផ្សព្វផ្សាយការអនវត្តឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧។

លោកបានបញ្ជាក់បន្ថែម អំពីខ្លឹមសារសំខាន់ៗ មួយចំនួន ដែលមានដូចជាចំណុចខ្លាំង និងចំណុចខ្វះខាតនៃការងារពង្រឹងកសាងបក្ស លើគ្រប់វិស័យ និងការដាក់ចេញនូវទិសដៅ ភារកិច្ចឈានទៅកាន់ជ័យជម្នះនៅក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតសកលជ្រើសតាំង តំណាងរាស្ត្រឆ្នាំ២០១៨។

លោក សួស អង្គារ៍ បានប្រាប់ដល់មន្រ្តីបក្សទាំងអស់ថា «គណបក្សប្រជាជន ប្រកាន់ខ្ជាប់នូវ គោលការណ៍យកប្រជាជនជាធំ ដើម្បីបម្រើប្រជាជន និងដើម្បីប្រទេសជាតិយើង។ គណបក្សប្រជាជនកម្ពុជា មានមហិច្ឆតាក្នុងការកសាងប្រទេសជាតិយើង ឲ្យរីកច្រើន និងរុងរឿងដើម្បីឲ្យកូនចៅជំនាន់ក្រោយរបស់យើង បានរស់នៅ ក្នុងសុខសន្តិភាពបានយូរអង្វែង ជាពិសេសដើម្បី ធ្វើឲ្យប្រទេសជាតិ យើងអាចធ្វើម្ចាស់ជោគវាសនា របស់ជាតិយើង ដោយខ្លួនឯងដោយមិននៅក្រោមគំនាប របស់នរណាម្នាក់ ឬប្រទេសណាមួយឡើយ»។ ក្នុងន័យនេះ លោកបានស្នើដល់មន្រ្តីគណបក្សមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ ឱ្យបន្តខិតខំធ្វើអំពើល្អ និងចេះកែលំអរនូវចំណុចខ្វះខាត និងភាពអសកម្មទាំងឡាយកន្លងមក ហើយទុកផលប្រជាយោជន៍ជាធំ ដើម្បីបន្តទាក់ទាញនូវ ការគាំទ្រពីសំណាក់ប្រជាជន។ ជាមួយគ្នានេះ ត្រូវបន្តខិតខំផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនដល់ប្រជាជនឱ្យបានល្អ។
ជាមួយគ្នានេះ លោកក៏បានលើកឡើង និងធ្វើការបកស្រាយពន្យល់នូវខ្លឹមសារពាក់ព័ន្ធ នឹងប្រធានបទសំខាន់ៗមួយចំនួនជូន ដល់មន្រ្តី បក្សទាំងអស់សម្រាប់យកទៅធ្វើជាមូលដ្ឋាន ក្នុងការធ្វើឃោសនានៅតាមមូលដ្ឋាន ភូមិឃុំរបស់ខ្លួន ដូចជា សមទ្ធិផល និងលទ្ធផលនៃការកែទម្រង់របស់ រាជរដ្ឋាភិបាលពិសេស ការខិតខំរបស់ប្រមុខនៃរាជរដ្ឋាភិបាល ក្នុងការដោះស្រាយ សំណូមពរ ផ្សេងៗរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ទៀតថា ដាច់ខាតគណបក្សប្រជាជនកម្ពុជា និងដណ្តើជ័យជម្នះការបោះឆ្នោតឃុំសង្កាត់២០១៧ និងបោះឆ្នោត សកលឆ្នាំ២០១៨ បន្តដឹកនាំប្រទេសជាតិនៅអាណត្តិជាបន្តបន្ទាប់ទៀត ខណៈដែលគណបក្សប្រឆាំង កំពុងបែកបាក់ផ្ទៃក្នុង និងមានការ ភូតកុហក់ប្រជាពលរដ្ឋយើងកន្លងមក និងបានលើកឡើងពីសភាពការជាតិ និងអន្តរជាតិមកជម្រាបជូនសមាជិកបក្សថា គ្មានអ្វីគួរឲ្យកត់សម្គាល់ឡើយ។ បន្ទាប់ពីសំណេះសំណាលចប់គណអធិបតីក៏បានជូនថវិកាកំដរដៃដល់សមាជិក សមាជិកានិង យុវជនបក្សមកពីឃុំទាំង២សរុបទាំងអស់ចំនួន ៨.៥២០.០០០ រៀលផងដែរ៕