(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា នេះ បានសម្រេចបិទការចេញចូលជាបណ្ដោះអាសន្ន នូវផ្សារកន្រ្តក ដែលស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ការបិទនេះ ដោយសារមានអ្នកជំងឺម្នាក់ក្នុងចំណោម១៥នាក់ ដែលរកឃើញវិជ្ជមានកាលពីយប់ថ្ងៃទី២៩ មានប្រវត្តិចេញចូលផ្សារនេះ។

អ្នកជំងឺម្នាក់ដែលមានប្រវត្តិចូលកន្រ្តក ឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ នៅចន្លោះថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសាកន្លងទៅ។ ហេតុដូច្នេះ ដើម្បីបង្ការករណីឆ្លងជាយថាហេតុ រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ផ្សារនេះជាបណ្ដោះអាសន្ន រង់ចាំការស្រាវជ្រាវបន្តទៀត។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប ក៏បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ អំពីមុខសញ្ញាពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ឬទីតាំងដែលបានបិទខ្ទប់ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ត្រូវរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព ត្រូវផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

នេះជាផ្សារទី៤ ដែលរដ្ឋបាលខេត្តសៀមរាបសម្រេចបិទខ្ទប់បណ្ដោះអាសន្ន ដើម្បីបង្ការករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍។ ផ្សារដែលធ្លាប់បិទកន្លងមកមាន ផ្សារភូមិភាគ៤ ដែលបច្ចុប្បន្នបើកដំណើរការធម្មតាវិញ តែនៅមានផ្សារ២ទៀត កំពុងបន្តបិទខ្ទប់ រួមមាន ផ្សារក្រោម និងផ្សារវត្តអធ្វារ៕