(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពេញកិច្ចចាក់វ៉ាក់សាំង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តី ជូនដំណឹងពីការចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ដូសទី២។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងតាមសេចក្តីជូនដំណឹងថា យោងតាមពេលវេលាកំណត់ អ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១ទាំងអស់ នឹងត្រូវដល់ពេលចាក់ដូសទី២ ជាបន្តបន្ទាប់នៅដើម ខែឧសភា ឆ្នាំ២០២១។ ដូចនេះគណៈកម្មការចំពេញកិច្ចចាក់វ៉ាក់សាំង នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីសែលដូសទី២ ចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។

ការចាក់វ៉ាក់សាំងកូវីសែលដូសទី២ ក្នុងរាជធានីភ្នំពេញ៖

* ការចាក់វ៉ាក់សាំង AstraZeneca ដូសទី២ ដែលរៀបចំដោយថ្នាក់ជាតិ៖

- ទីតាំងចាក់វ៉ាក់សាំងកូវសៃលដូសទី២ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់៖

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងក្រុមគ្រួសារដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១រួចហើយ សូមទំនាក់ទំនងទៅអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីទទួលបានព័ត៌មាននៃចាក់វ៉ាក់សាំង AstraZeneca ដូសទី២ ដោយ គណៈកម្មការចំពេញកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាត់ចែងជាមួយអគ្គលេខាធិការដ្ឋាន ទាំងពីរនេះរួចហើយ។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឋានៈទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ និងក្រុមគ្រួសារ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១រួច ដល់ពេលចាក់វ៉ាក់សាំងកូវីសែលដូសទី២ សូមអញ្ជើញទៅចាក់ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី០៦-០៧ ខែឧសភា ឆ្នាំ២០២១។

- ទីតាំងចាក់វ៉ាក់សាំង AstraZeneca ដូសទី២ជូនអ្នកដទៃទៀត៖

ដោយវ៉ាក់សាំង AstraZeneca សម្រាប់ដូសទី២ បានរក្សាទុកសម្រាប់អ្នកចាក់ដូសទី២ នៅតាមទីតាំងដែលបានចាក់កាលពីដូសទី១រួចហើយ ដូចនេះក្រៅពីថ្នាក់ដឹកនាំខាងលើ សូមអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១ ដទៃទៀត ដែលបានចាក់ដូសទី១ នៅតាមមន្ទីរពេទ្យជាតិ (មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសមៈ មន្ទីរពេទ្យកុមារជាតិ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមន្ទីរពេទ្យ១៦ឧសភា) និងទីតាំងអគ្គិសនីកម្ពុជា (ចាក់ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា) កន្លងមកសូមអញ្ជើញទៅចាក់វ៉ាក់សាំង AstraZeneca ដូសទី២ នៅមន្ទីរពេទ្យជាតិនានា និងទីតាំងអគ្គិសនីកម្ពុជា ដែលបុគ្គលបានចាក់ដូសទី១ ដូចមានកំណត់ក្នុង «ឧបសម្ព័ន្ធ១» តាមកាលបរិច្ឆេទ ដូចមានកំណត់ក្នុង «ឧបសម្ព័ន្ធ២»។

* ការចាក់វ៉ាក់សាំង AstraZeneca ដូសទី២ ដែលរៀបចំដោយអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ
រាជធានីភ្នំពេញ រួមជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ៖

ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១រួចហើយ តាមបណ្តាមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពនានាក្នុងរាជធានីភ្នំពេញ ដែលរៀបចំដោយអនុគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌរាជធានីភ្នំពេញ រួមជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមអញ្ជើញទៅចាក់វ៉ាក់សាំង AstraZeneca ដូសទី២ តាមការណែនាំ និងចាត់ចែងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ រួមជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅតាមទីតាំងទាំង២១កន្លែង ដូចមានកំណត់នៅក្នុង «ឧបសម្ព័ន្ធ៣» តាមពេល វេលាដូចមានកំណត់ក្នុង «ឧបសម្ព័ន្ធ២»

អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានីភ្នំពេញ នឹងរៀបចំចាក់វ៉ាក់សាំង AstraZeneca ដូសទី២ ជូនប្រជាពលរដ្ឋដែលកំពុងស្នាក់ នៅក្នុងតំបន់ក្រហម នៃខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំង AstraZeneca ដូសទី២ នៅតំបន់ក្រហមសូមទំនាក់ទំនង ទៅលេខទូរស័ព្ទដូចខាងក្រោម៖

- ខណ្ឌឬស្សីកែវ ០១២ ៦៧៥ ៦៦៦
- ខណ្ឌកំបូល ០១២ ៣៤៧ ៦៧៦
- ខណ្ឌមានជ័យ ០១២ ៥៥៥ ៥៨១
- ខណ្ឌដង្កោ ០១២ ៧១៩ ៥៩៥
- ខណ្ឌពោធិ៍សែនជ័យ ០១២ ៩១៨ ១៨២

* ការចាក់វ៉ាក់សាំង AstraZeneca ដូសទី២ នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ រួមជាមួយមន្ទីរសុខាភិបាលខេត្តកណ្តាល និងខេត្តព្រះសីហនុ៖

ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១រួច នៅខេត្តកណ្តាល និងខេត្តព្រះសីហនុ សូមអញ្ជើញទៅ ចាក់វ៉ាក់សាំងកូវីសែលដូសទី២ តាមការណែនាំ និងចាត់ចែងរបស់អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌខេត្តកណ្តាល និងខេត្តព្រះសីហនុ រួមជាមួយមន្ទីរសុខាភិបាលខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយរដ្ឋបាលខេត្តត្រូវរៀបចំចាត់ចែង តាមពេលវេលាកំណត់ ក្នុង «ឧបសម្ព័ន្ធ២»

កិច្ចសហការសម្របសម្រួល សម្រាប់ការចាក់វ៉ាក់សាំង AstraZeneca ដូសទី២៖

អាជ្ញាធរមូលដ្ឋាន ត្រូវសហការរៀបចំចាត់ចែងសណ្តាប់ធ្នាប់ នៅគ្រប់ទីតាំងចាក់វ៉ាក់សាំងទាំងអស់ ដើម្បីធានាឱ្យបាននូវវិធានការសុខាភិបាល ចាំបាច់នានាដូចជាការរក្សាគម្លាតសុវត្ថិភាព បុគ្គលចាប់ពី១.៥ម៉ែត្រឡើង មានពាក់ម៉ាស់ការលាងសម្អាតដៃ ជាមួយអាល់កុល។

ដោយការចាក់វ៉ាក់សាំង AstraZeneca ដូសទី២នេះ ជាករណីពិសេស ព្រោះថា គណៈកម្មការចំពេញកិច្ចចាក់វ៉ាក់សាំង មិនមានវ៉ាក់សាំង AstraZeneca ណា ដើម្បីផ្តល់ទៅតាមបណ្តាខេត្ត ឬទីតាំងផ្សេងៗ ដើម្បីចាក់ជូនពួកគាត់ក្រៅពីទីតាំងកំណត់បានឡើយ ដូចនេះ គណៈកម្មការចំពេញកិច្ចចាក់វ៉ាក់សាំង ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុញ្ញាតឱ្យ អ្នកដែលដល់ពេលចាក់វ៉ាក់សាំង AstraZeneca ដូសទី២ មកចាក់វ៉ាក់សាំងដូសទី២តាមពេលវេលា និងនៅតាមទីតាំង ដែលបានកំណត់ប៉ុណ្ណោះ៕