(ភ្នំពេញ)៖ រយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៩ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម លក់ស្បៀងជូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ក្រហម បានអង្ករ៣៣៣១ប៉ាវ, មី៩៦៦៥កេស, ត្រីខ៥៥២៤យួរ និងគ្រឿងបរិភោគមួយចំនួនទៀត រួមទាំងបន្លែបង្ការមួយចំនួនផងដែរ។

នេះបើតាមការបញ្ជាក់ឲ្យដឹង ពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា យោងតាមទំហំភូមិសាស្រ្តតំបន់ក្រហម និងលឿងទុំ ដែលទើបនឹងបានប្រគល់ភារៈកិច្ច ដោយសេចក្តីសំរេចលេខ៥៥ ក្រសួងពាណិជ្ជកម្ម បានជំរុញបង្កើនទីតាំងលក់ថែមទៀត សំរាប់តំបន់ក្រហម និងបង្កើនចំនួនរថយន្តចល័ត សម្រាប់ប្រតិបត្តិការទាំងក្នុងតំបន់ក្រហម និងលឿងទុំ។

ទន្ទឹមនឹងនេះ ការចូលរួមរបស់វិស័យឯកជន ដោយផ្សារភ្ជាប់ជាមួយបេសកកម្មរបស់ក្រសួង ត្រូវបានបង្កើនឡើងថែមទៀត ដោយមានទាំងការចូលរួម របស់ផ្សារទំនើបធំៗ និងប្រតិបត្តិករឯកជនដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ផ្សេងទៀត។ នេះជាការបញ្ជាក់បន្ថែម របស់លោក ប៉ែន សុវិជាតិ។

លោកបន្ដថា ទោះជាយ៉ាងណាក្តី នៅក្នុងបរិបទនៃការវិវឌ្ឍន៍ថ្មីៗ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រសួងត្រូវអនុវត្តបេសកកម្មរបស់ខ្លួន ប្រកបដោយការប្រុងប្រយ័ត្ន និងអនុវត្តខ្ជាប់ខ្ជួនវិធានសុខាភិបាល ក៏ដូចជាការអនុវត្តឲ្យមានប្រសិទ្ធិភាពនូវខ្លឹមសារនានា សេចក្តីសំរេចរបស់រាជរដ្ឋាភិបាល៕