(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ គឺដល់ថ្ងៃគម្រប់ខួបពីរឆ្នាំ នៃ​ការ​បាត់​យន្តហោះដឹកអ្នកដំណើររបស់ម៉ាឡេស៊ី ជើងហោះហើរ MH370 ជាមួយនឹងមនុស្ស២៣៩នាក់ ខណៈព័ត៌មាន​ចុងក្រោយ​បញ្ជាក់ថា យន្តហោះមួយនេះបានធ្លាក់នៅសមុទ្រឥណ្ឌា​ ក្បែរកោះ Reunion។

យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន។

ក្រោយពីបាត់យន្តហោះមួយនេះ មានព័ត៌មានជាច្រើនបានចេញផ្សាយថា យន្តហោះ MH370 បានធ្លាក់នៅភាគខាងត្បូង នៃមហាសមុទ្រឥណ្ឌា ខណៈទិន្នន័យពីផ្កាយរណប និងប្រព័ន្ធរ៉ាដាបង្ហាញថា យន្តហោះបានបើកវង្វេងផ្លូវ ហើយធ្លាក់បន្ទាប់ពីអស់ប្រេងឥន្ធនៈ​ ប៉ុន្តែព័ត៌មាន​ទាំងនោះ មិនអាចយកជាផ្លូវការឡើយ រហូតដល់ខែកក្កដា ឆ្នាំ២០១៥ អ្នកនេសាទ​​នៅ​កោះ Reunion បានប្រទះឃើញស្លាបយន្តហោះមួយ សង្ស័យជារបស់ MH370។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ម្សិលមិញនេះ មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយថា បំណែកសង្ស័យដែលត្រូវបានរកឃើញនៅកោះ Reunion របស់បារាំង ក្នុងមហាសមុទ្រឥណ្ឌា ទំនងជារបស់ MH370 នោះហើយ។

ក្រោយពី​ត្រួតពិនិត្យ និងធ្វើការពិសោធន៍ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី លោក Liow Tiong Lai បានអះអាងជាផ្លូវការថា បំណែកស្លាប​យន្តហោះ ដែលប្រទះឃើញ​នៅលើកោះ Reunion ស្ថិតកណ្ដាល​សមុទ្រឥណ្ឌានោះ គឺ​ជាបំណែករបស់យន្តហោះ Boeing 777 ​ដែលដូចគ្នាទៅនឹងសេរី (Model) យន្តហោះ Malaysia Airlines MH370។ ក្រោយមកប៉ុន្មានថ្ងៃ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak បានបញ្ជាក់ថា ស្លាបយន្តហោះ​ដែលរក​ឃើញ​នៅលើ​កោះ Reunion គឺជារបស់យន្តហោះ MH370 យ៉ាងពិតប្រាកដ។

នៅប៉ុន្មានថ្ងៃមុននេះ ប្រធានការិយាល័យសុវត្ថិភាព ដឹកជញ្ជូនអូស្ត្រាលី លោក Martin Dola បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេសមួយថា ពេលកំណត់ឈប់ស្វែងរកយន្តហោះ MH370 នៅមិនទាន់​បាន​កំណត់​ទេ ប៉ុន្តែវាអាចនឹងដល់ពេលឆាប់ៗ ប៉ុន្តែអ្វីដែលសំខាន់ គឺទិន្នន័យ និងការវិភាគទាក់ទងយន្តហោះ MH370 នឹងត្រូវធ្វើឡើងវិញ បន្ទាប់ពីពេលកំណត់ឈប់ការស្វែងរក MH370 បានមក​ដល់​៕