(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ទទួលបន្ទុកជាអនុប្រធានប្រចាំការ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញដល់និសិ្សតដែលបញ្ចប់ ការសិក្សានៅតាមសកលវិទ្យាល័យ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព របស់ខ្លួនកាន់តែខ្លាំង ឡើងដើម្បីស្វែងរកការងារធ្វើបានប្រាក់ខែខ្ពស់ ជួយចិញ្ចឹមគ្រួសារ ហើយកុំបន្ទោសរាជរដ្ឋាភិបាលនៅពេលដែលខ្លួនរកការងារ ធ្វើមិនបាន។

ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តីខាងលើនេះ បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ជូនដល់សិស្សជ័យលាបភី របស់សាលា ចំណេះទូទៅអន្តរជាតិរីជីន នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមផងដែរ ពីថ្នាក់ដឹកនាំខេត្តកណ្តាល លោកបណ្ឌិតសាស្រ្តាចារ្យ វណ្ណ ឡន អគ្គនាយកសាលាចំណេះ ទូទៅរីជីន និងជាគ្រូឱសថបូរាណសញ្ញាភ្នំទ្រង់ទ្រង់ ព្រមទាំងសិស្ស និងអាណាព្យាបាលជាច្រើននាក់ផ្សេងទៀត។

ថ្លែងទៅកាន់សិស្សជ័យលាបភី និងអាណាព្យាបាលសិស្សទាំងអស់លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានលើកឡើងថា សូមកុំឲ្យគិត ពីសាលាធំសាលាតូច រៀនពូកែ រៀនមិនកែ គឺវាអាស្រ័យលើការខិតខំប្រែងប្រែង របស់សិស្សម្នាក់ៗ សិស្សខ្លះរៀននៅសាលាថ្លៃ សាលាធំតែមិនសូវចូលរៀន គេចតែសាលានោះក៏រៀនមិនចេះដែរ។

លោកក៏បានជំរុញ និងទទូចដល់សិស្សទាំងអស់ត្រូវចៀសឲ្យឆ្ងាយ ពីបទល្មើសនិងរឿងអបាយមុខមួយចំនួនដែលនាំឲ្យធ្លាក់លិចលង់ កាន់តែជ្រៅដូចជាគ្រឿងញៀន អំពើលួចឆក់ ប្លន់ និងបងតូចបងធំជាដើម ហើយទាំងលោកគ្រូអ្នកគ្រូ ឪពុកម្តាយក៏ដូចជា អាណាព្យាបាល ទាំងអស់ត្រូវបន្តអប់រំ ដាស់តឿនកូនចៅរបស់ខ្លួនកាន់តែខ្លាំងឡើង។

លោកសាស្រ្តាចារ្យ វណ្ណឡន បានបញ្ជាក់ថា សាលារបស់ខ្លួនដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១២មកនេះ បានចូលរួមចំណែក យ៉ាងច្រើនជាមួយរាជរដ្ឋាភិបាល លើការបណ្តុះបណ្តាលកូនខ្មែរ និងលើកកំពស់វិស័យអប់រំនៅប្រទេសកម្ពុជា ព្រមទាំងការចូលរួម កាត់បន្ថយឬឈានដល់ការលុបបំបាត់ អនក្ខរភាពក្នុងសង្គនម ដើម្បីបង្កើនធនធានមនុស្ស ឲ្យមានចំណេះដឹង ចំណេះធ្វើ និងជំនាញប្រកបដោយសុជីវធម៌ គុណធម៌ គុណភាព និងទំនុកចិត្ត ស្របតាមយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល ក្នងការកាត់បន្ថយភាពក្រីក្រ ឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយនិរន្តរ៌ភាព៕