(ភ្នំពេញ)៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នៅថ្ងៃ៨ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហាញរូបភាពភរិយា និងកូនស្រី២នាក់របស់លោក ហើយបានជូនពរដល់ស្រ្តីទាំងអស់នៅក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ។

នៅលើបណ្តាញសង្គម Facebook លោក កឹម សុខា បានជូនពរដល់ស្រ្តីទាំងឡាយឱ្យជួបនឹងពុទ្ធពរ៤ប្រកាស ជាមួយគ្នានេះ លោកក៏បានបង្ហាញរូបម្តាយរបស់ ភរិយារបស់លោក គឺលោកស្រី តែ ច័ន្ទមនោ និង កូន២នាក់គឺ កញ្ញាកឹម មនោវិទ្យា និង លោកស្រី កឹម សម្មាធីតា។

លោកបានលើកឡើងថា «ក្នុង “ទិវានារីអន្ដរជាតិ” ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦ ខ្ញុំសូមប្រសិទ្ធពរជូនដល់ស្ដ្រីក្នុងពិភពលោក រួមទាំងស្រ្ដីខ្មែរទាំងអស់ ជាពិសេសចំពោះអ្នកម្ដាយដ៏មានគុណ ភរិយាដ៏ឧត្តុងឧត្តម និងកូនស្រីជាទីស្រលាញ់របស់ខ្ញុំ។ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ ៖ ១.អាយុៈ សូមឲ្យមាន អាយុ យឺនយូរ ២.វណ្ណៈ សូមឲ្យមានពណ៌សម្បុរ ស្រស់ស្អាត ៣.សុខៈ សូមឲ្យមាន សុខភាពល្អ ៤.ពលៈ សូមឲ្យមាន កម្លាំងមាំមួន»។

សូមជំរាបថា រយៈពេលជាង១សប្តាហ៍កន្លងទៅនេះ រឿងអាស្រូវរបស់លោក កឹម សុខា បានផ្ទុះឡើងជាថ្មី នៅលើបណ្តាញសង្គម Facebook និងសារព័ត៌មាន បន្ទាប់ពីមានការបែកធ្លាយសំឡេងសាសងស្នេហាមួយ រវាងបុរសម្នាក់ដែលគេជឿថា ជាសម្លេងរបស់លោក កឹម សុខា ជាមួយនារី២រូប ឈ្មោះ «ស្រីមុំ» និង «ម៉ាក់អានីតា» ដែលគេសង្ស័យថាជាស្រីកំណាន់។

បន្ទាប់ពីបែកធ្លាយសម្លេងខ្សែអាតនេះ លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានព្យាយាមមិនបកស្រាយ ជុំវិញការផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សំឡេងនេះ ហើយនិយាយតែគោលដៅឆ្ពោះទៅរកការបោះឆ្នោតទៅវិញ៕