(បន្ទាយមានជ័យ)៖ ដោយសារតែមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាបន្តបន្ទាប់នាពេលកន្លងទៅ នៅទីរួមខេត្តបន្ទាយមានជ័យ រហូតបណ្តាលឲ្យ គ្រោះថ្នាក់ចរាចរាណ៍ធ្ងន់ធ្ងរនោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានដឹកនាំមន្រ្តី ជំនាញចុះទៅបាញ់ល្បឿន ចំពោះរថយន្ត និងម៉ូតូដែលធ្វើដំណើរតាមដងផ្លូវ ដើម្បីរកវិធានការបន្ថែម លើការទប់ស្តាត់បញ្ហា សង្គមមួយនេះ ។

លោកស្នងការបានចុះទៅបាញ់ល្បឿន នៅថ្ងៃចន្ទម្សិលមិញ ស្ថិតនៅតាមផ្លូវចូលទីប្រជុំជន គល់ស្ពានទឹកថ្លា ចំងាយផ្លូវប្រមាណ ៥គីឡូម៉ែត្រ។ តាមរយៈការពិនិត្យមើលជាក់ស្តែង និងមើលតាមម៉ាស៉ីនបាញ់ល្បឿននោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា មានប្រជាពលរដ្ឋទាំងការធ្វើដំណើរតាមរថយន្ត និងម៉ូតូប្រមាណ២០ទៅ២៥ភាគរយ នៅតែបើកហួសល្បឿនកំណត់។

បើតាមលោកស្នងការ សម្រាប់ការធ្វើដំណើរ បើកបរនៅទីប្រជុំជន គឺម៉ូតូច្បាប់អនុញ្ញាតត្រឹម៣០គីឡូម៉ែត ក្នុងមួយម៉ោងរថយន្តធន់តូច ៤០ម៉ែត្រគីឡូម៉ែត្រក្នុងមួយម៉ោង និងរថយន្តធន់ធំ ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ តែនៅថ្ងៃបាញ់ល្បឿននោះ គឺមានប្រជាពលរដ្ឋ ប្រមាណ២០ទៅ២៥ភាគរយ ដែលបើកល្បឿនពី៦០ ទៅ៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

សម្រាប់ការពាក់មួកសុវត្ថិភាពវិញលោកស្នងការបានលើកឡើងថា នៅតែមានកំរិតនៅឡើយដោយប្រជាពលរដ្ឋពេលចេញពីផ្ទះ ទៅកាន់ទីកន្លែងណាមួយនោះ មិនបានពាក់មួកនោះឡើយ ជាហេតុនាំឲ្យមានការប្រឈម លើគ្រោះថ្នាក់ចរាចរណ៍ ហេតុដូច្នេះហើយលោកបានយកមួកសុវត្ថិភាព​ ចំនួន២២មួក ទៅចែកជូនដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងនោះ សម្រាប់ចូលចំណែកការអនុវត្ត នៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ៕