(កូឡាឡាំពួរ)៖ ស្របពេលដែលពិភពលោកកំពុងតែរីករាយ និងអបអរសាទរចំពោះទិវា៨មីនានោះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak បានសម្ដែងសារកើតទុក្ខ ព្រោះវាជាថ្ងៃគម្រប់ខួប២ឆ្នាំ​នៃការបាត់យន្តហោះ MH370 ជាមួយនឹងមនុស្ស ២៣៩នាក់។

សាររំលែកទុក្ខរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានចាក់ផ្សាយតាមរយៈទូរទស្សនាជាតិ ដោយក្នុងនោះ លោក Razak បានថ្លែងថា «ថ្ងៃនេះ! យើងប្រារព្វខួប២ឆ្នាំនៃការបាត់យន្តហោះ MH370 ហើយយើងសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃមនុស្សទាំង២៣៩នាក់ ដោយក្នុង​នោះមានជនជាតិម៉ាឡេស៊ី ៥០នាក់»។

លោក Razak បានបញ្ជាក់ថា ការស្វែងរកយន្តហោះ MH370 គឺមានការលំបាកបំផុតនៅក្នុង​ប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែតាមរយៈបំណែកយន្តហោះ ដែលរកឃើញនៅកោះ Reunion កាលពីចុងខែកក្កដាកន្លងទៅ ជាភស្ដុតាងមួយបញ្ជាក់ថាយន្តហោះ MH370 ពិតជាបាន​ធ្លាក់ ប៉ុន្តែទោះជាយ៉ាងណាលោកនៅតែព្យាយាមស្វែងរកបន្ដ ដើម្បីឲ្យក្រុមគ្រួសារជនរងគ្រោះ​អស់ចិត្ត។

ជាចុងក្រោយ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីរូបនេះ បានបញ្ជាក់ថា បើសិនជារកមិនឃើញ ឬគ្មានតម្រុយអ្វី​ទៀតទេនោះ ម៉ាឡេស៊ីនឹងរៀបចំកិច្ចប្រជុំត្រីភាគី ដែលមានម៉ាឡេស៊ី អូស្ត្រាលី និងចិន ដើម្បីពិភាក្សា​គ្នាស្វែងរកដំណោះស្រាយបន្ត។

គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន៕