(ភ្នំពេញ)៖ នៅក្នុងថ្ងៃដែលពិភពលោកកំពុងប្រារព្ធទិវាសិទ្ធិនារី ៨ មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់ស្រ្តី ឲ្យយល់ដល់ចិត្តបុរស និងមានការយោគយល់ខ្លះនូវតម្រូវការរបស់បុរស។

ថ្លែងចេញពីវិមានសន្តិភាពក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិខួបលើកទី ១០៥ឆ្នាំ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានក្រុមគ្រួសារខ្លះបុរសត្រូវបានរឹតត្បិតខ្លាំងពីភរិយា សូម្បីតែពិធីមង្គលការក៏មិនត្រូវបានភរិយាអនុញ្ញាតឲ្យទៅចូលរួមនោះដែរ ព្រោះខ្លាចស្វាមីលួចមើលនារីៗ។

សម្តេចបានរំលឹកទៀតថា ការអាងលើសិទ្ធិខ្លាំងរបស់នារី និងកៀបសង្កត់ផ្លូវចិត្តខ្លាំងលើបុរសអាចនាំឲ្យមានជម្លោះក្នុងគ្រួសារ ដែលជម្លោះនេះ ត្រូវសម្តេចលើកឡើងថា ទះដៃតែម្ខាងមិនឮនោះទេ ហើយបញ្ហាអាចដោះស្រាយបានត្រូវតែមានការស្របមតិគ្នាមកពីទ្វេទិស។

សម្តេចបានអំពាវនាវយ៉ាងដូច្នេះ «ចឹងសូមអំពាវនាវដល់ស្រ្តីទាំងឡាយ មេត្តាយល់ដល់ចិត្តបុរសផង។ បុរសត្រូវការអី គួរមានការយោគយល់ខ្លះផង»៕