(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា អភិបាលខេត្តមួយចំនួន​ ដែលមានអាយុជិតចូលនិវត្តន៍ ហើយត្រូវបានត្រៀមផ្លាស់ប្តូរនោះ រួមមានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យ។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ របស់សម្តេចក្រឡាហោម ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញក្នុងពិធី អបអរសាទរខួបលើកទី១០៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៦ នៅទីស្តីក្រសួង នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ នេះបើតាមការចុះផ្សាយ របស់គេហទំព័័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុងឱកាសនោះ សម្តេចក្រឡាហោមបានថ្លែងទៀតថា ក្រសួងមហាផ្ទៃបានសម្រេច ជ្រើសរើសមន្ត្រីថ្មីរួចហើយ សម្រាប់ត្រៀមចូលកាន់តំណែងធ្វើជាអភិបាលខេត្ត នៅបណ្តាខេត្តមួយចំនួន ខណៈបណ្តាអភិបាលខេត្តទាំងនោះ មានអាយុជិតចូលនិវត្តន៍។ ហើយថា ការកំណត់ជ្រើសរើសយកមន្ត្រីថ្មី ត្រៀមចូលកាន់តំណែងធ្វើជាអភិបាលខេត្ត នៅតាមបណ្តាខេត្តមួយចំនួន គឺធ្វើឡើងដើម្បីលុបបំបាត់ការ អន្តរាគមន៍របស់មន្ត្រីមួយចំនួន ដែលចូលចិត្តធ្វើការងារអន្តរាគមន៍នោះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានបង្ហើបផងដែរថា ជាគោលការណ៍របស់រាជរដ្ឋាភិបាល ការជ្រើសរើសមន្ត្រីសម្រាប់ចូលកាន់តំណែងអភិបាលខេត្តថ្មី និងអភិបាលខេត្តរងជានារី គឺភាគច្រើនជ្រើសរើសមន្ត្រីដែលកំពុង បំរើការងារនៅក្នុងខេត្តនោះ ហើយមិនអាចជ្រើសរើសពីក្រៅបានទេ ៕