(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែមីនានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ពីការរៀបចំសន្និសីទសារព័ត៌មាន ស្តីពីផែនការដោះស្រាយ​បញ្ហាប្រឈមក្នុងវិស័យ​ស្រូវអង្ករនៅ​កម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦នៅភោជនីយដ្ឋានទន្លេបាសាក់២។

ការធ្វើសន្នីសីទសារព័ត៌មាននេះ ត្រូវបានគេដឹងថា ធ្វើឡើងក្រោយពីវិស័យស្រូវអង្ករនៅកម្ពុជា ពិសេសរោងម៉ាស៊ីនកិនស្រូវ បាននឹងកំពុងជួបការលំបាកប្រកួតប្រជែងមិនឈ្នះ អង្ករនាំចូលពីប្រទេស​ជិតខាង រួមទាំងបញ្ហាមួយចំនួនទៀត។

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា «សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងប្រឹងប្រែងយ៉ាងខ្លាំង ធ្វើការជាមួយសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងស្ថាប័នរាជរដ្ឋាភិបាល ស្វែងរកដំណោះស្រាយសម្រាប់វិស័យស្រូវអង្ករ ដែលជាវិស័យមានសក្តានុពល និងមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ពិសេសសម្រាប់ទ្រទ្រង់​ជីវភាពប្រជា​កសិករ​ខ្មែរ និងសន្តិសុខស្បៀង»។

សូមជម្រាបថា បញ្ហានាំចូលអង្ករពីប្រទេសជិតខាង ត្រូវបានអ្នករកស៊ីអង្ករ និងសហព័ន្ធស្រូវអង្ករកម្ពុជា ចាត់ទុកថា បញ្ហាធំមួយមិនអាចមើលរំលងបានឡើយ ក៏ព្រោះតែការហូរចូល​នៃអង្ករប្រទេស​ជិតខាង បានធ្វើឲ្យអាជីវកម្មរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា បិទទ្វារកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕