(ភ្នំពេញ)៖ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការជាមួយអាជ្ញាធរ សង្កាត់ផ្សារដេប៉ូទី៣ ក្រោមកិច្ចសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលា​ដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបសកម្មភាព ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះសំណាក់ Comfort បន្ទប់លេខ៤០៤ (ជាន់ទី២) ដែលមានទីតាំង​នៅផ្ទះលេខ២២អា ផ្លូវលេខ១១២ ក្រុមទី១០ ភូមិ២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយរឹបអូសថ្នាំ៦កញ្ចប់ធំ ស្មើនឹងជាងកន្លះគីឡូក្រាម។

ជនសង្ស័យ ទី១-ឈ្មោះ សុខ លីន ហៅ កក្កដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលពុំស្គាល់លេខ ផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក និង
ទី២-ឈ្មោះ គឹម សុខហៃ ហៅ ហៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះ លេខ៧បេ ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ក្រៅពីការដកហូតថ្នាំញៀនជាងកន្លះគីឡូក្រាម កម្លាំងនគរបាលបានដកហូត ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនម៉ាក Poket Scal ចំនួន០១គ្រឿង ទូរស័ព្ទចំនួន០៤គ្រឿង ខ្សែកលោហធាតុស្លេក ០១ខ្សែមាន​បន្តោងរូបព្រះពុទ្ធ ដបទឹកបរិសុទ្ធកែច្នៃជាឧបករណ៍ សំរាប់ជក់គ្រឿងញៀនចំនួន០១ ក្បាលកែវសំរាប់ជក់គ្រឿងញៀនចំនួន០២ និងដងកែវចំនួន៣។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងឃាត់ខ្លួន​ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល​ខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង​បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕