(សៀមរាប)៖ វគ្គសិក្សាកសាងសមត្ថភាព មន្ត្រីបុគ្គលិកបច្ចេកទេស អំពីផែនការមេសម្រាប់ ការអភិរក្សប្រាសាទនៅក្នុងតំបន់អង្គរ បានបិទបញ្ចប់ហើយ ក្រោយពីបើកការបណ្តុះបណ្តាលរយៈពេល៥ ថ្ងៃកន្លងមក។ វគ្គសិក្សាខាងលើ មានការចូលរួមពីអ្នកជំនាញបារាំង និងសិក្ខាកាមជាច្រើនរូបទៀត។

វគ្គសិក្សានេះធ្វើឡើងក្នុងគោលបំណងបង្កើន សមត្ថភាពចំណេះដឹងជំនាញអំពីការរៀបចំផែនការមេ សម្រាប់ការអភិរក្សនិងគ្រប់គ្រងប្រាសាទក្នុងតំបន់អង្គរ  ហើយអញ្ជើញចូលរួមបិទ កម្មវិធីនិងចែកវិញ្ញាបនបត្រក្រោមអធិបតីភាពលោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ត័ន ប៊ុនស៊ុយ លោក រស់ បូរ៉ាត អគ្គនាយករង និងលោក SIMON Jean-Christophe គ្រូឧទ្ទេសនិងជាស្ថាបត្យករ ព្រមទាំងជាអ្នកទទួលខុសត្រូវអធិការកិច្ចបេតិកភណ្ឌនៃប្រទេសបារាំង ព្រមទាំងថ្នាក់ដឹកនាំនៃនាយកដ្ឋានមួយចំនួនផ្សេងទៀតជាកិត្តិយសផងដែរ។

ថ្លែងក្នុងឱកាសនោះលោក SIMON បានសរសើរចំពោះសិក្ខាកាមទាំងអស់​ ដែលបានយកចិត្តទុកដាក់​និងចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្សាស្រាវជ្រាវទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅតាមតំបន់ គោលដៅដើម្បីយកមកធ្វើបទបង្ហាញនាពេល បញ្ចប់សិក្ខាសាលាបានយ៉ាងល្អ។

លោករំពឹងទុកថា សិក្ខាកាមទាំងអស់នឹងទទួលបាន ចំណេះដឹងមួយចំនួនបន្ថែមលើអ្វីដែល មានកន្លងមក ដើម្បីយកទៅអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ លើសពីនេះអាជ្ញាធរជាតិអប្សរា នឹងសម្បូរទៅដោយធនធានមនុស្ស ដែលអាចធ្វើឱ្យរមណីយដ្ឋានអង្គរមានរបៀបរៀបរយ ព្រមទាំងជាអ្នកចែករំលែកចំណេះដឹងទាំងនេះ ទៅកាន់ស្ថាប័នផ្សេងទៀត ដែលមានតួនាទីដូចអាជ្ញាធរជាតិអប្សរា បានផងដែរនាអនាគត។

លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន អង្គរនិងបុរាណវិទ្យាបង្ការ តំណាងឱ្យសិក្ខាកាមទាំងអស់បានលើកឡើងថា វគ្គសិក្សានេះថ្វីត្បិតតែមានរយៈពេលខ្លី តែវាឆ្លើយតបយ៉ាងល្អបំផុតក្នុងការបំពេញកង្វះខាតដែលយើងមានកន្លងមកក្នុងការអនុវត្តការងារអភិរក្សនិងគ្រប់គ្រងបេតិកភណ្ឌក្នុងតំបន់អង្គរ ពិសេសបានយល់ដឹងច្រើនពីការផ្លាស់ប្តូរ បទពិសោធន៍ចំណេះដឹងគ្នាទៅវិញទៅមកពីអ្នកចូលរួម។

វគ្គសិក្សានេះជាគំរូដ៏សំខាន់ក្នុងការរៀបចំទប់ស្កាត់ ក៏ដូចជាការរកដំណោះស្រាយ ចំពោះការរីកចម្រើនដ៏លឿន នៃវិស័យទេសចរណ៍និងការកើនឡើង នៃសំណង់របស់ប្រជាជន នៅក្នុងតំបន់រមណីយដ្ឋាន ដែលអាចនាំឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់មរតកវប្បធម៌របស់មនុស្សជាតិទាំងមូល។

គ្រប់ការបណ្តុះបណ្តាលចំណេះដឹង ជំនាញផ្សេងៗដល់មន្ត្រីបុគ្គលិក ជាការងារដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ដើម្បីធានាឱ្យមន្តី្របុគ្គលិកបច្ចេកទេស របស់ខ្លួនអាចអនុវត្តការងារជួសជុល គ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដោយខ្លួនឯងបាននាថ្ងៃអនាគត៕