(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌមានជ័យ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញប្រកាសព័ត៌មាន ដោយបានបដិសេធចំពោះការផ្សាយតាមបណ្តាញសង្គមហ្វេសបុក ដោយចោទប្រកាន់ក្រុមសន្តិសុខសណ្តាប់ធ្នាប់សាលា បានចុះចាប់យកឥវ៉ាន់របស់ ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម។

រដ្ឋបាលខណ្ឌមានជ័យ បានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានគណនី Facebook ឈ្មោះ «Makas» បានបង្ហោះឃ្លីបវីដេអូខ្លី ហើយបានស៊ែបន្តគ្នាពីសកម្មភាពកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចូលទៅយកឥវ៉ាន់អ្នកលក់ដូរ នៅលើគ្រែលក់ដូរនៅតាមផ្លូវនោះ (ផ្សារដីថ្មីសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ) ធ្វើឱ្យសាធារណៈជនជាច្រើន មានការភាន់ច្រឡំថាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលទៅយកឥវ៉ាន់ដែលគេបានរក្សាទុក។

ករណីនេះរដ្ឋបាលខណ្ឌ សូមច្រានចោលទាំងខ្លឹមសារ និងសកម្មភាពមានក្នុងឃ្លីបវីដេអូនោះទាំងស្រុង ដោយសកម្មភាពទាំងនោះ គឺជាសកម្មភាពអនុវត្តវិធានការរដ្ឋបាលនៅក្នុងតំបន់បិទខ្ទប់ នៃតំបន់ក្រហមដែលមានឆ្លងរីករាលដាលជំងឺកូវីដ១៩។ អាជ្ញាធរបានបន្តថា ក្រុមសន្តិសុខសណ្តាប់ធ្នាប់ បានចាប់យកឥវ៉ាន់អ្នកលក់ដូរទាំងនោះមករក្សាទុកនៅសាលាខណ្ឌ ដើម្បីជាការព្រមាន ពីព្រោះមុនពេលដែលកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះចាប់យកឥវ៉ាន់ទាំងនោះ កម្លាំងយើងក៏បានធ្វើការណែនាំចំនួន០២ដងរួចហើយ និងថែមទាំងប្រកាសមេក្រប្រាប់ពួកគាត់ទៀតផង ប៉ុន្តែបងប្អូនអ្នកលក់ដូរនៅតែបន្តការលក់ដូរ នៅទីនោះដដែល ទើបកម្លាំងសណ្តាប់ធ្នាប់ខណ្ឌធ្វើការអនុវត្តវិធានការរដ្ឋបាល ចាប់ប្រមូលយកសម្ភារ បន្លែ និងសាច់មួយចំនួនមករក្សាទុកនៅសាលាខណ្ឌ។

បច្ចុប្បន្នបន្លែ និងសាច់ដែលបានចាប់យកទាំងនោះបានរលួយស្អុយខូច ហើយបានយកទៅជីកដីកប់ចោលទាំងអស់ នៅសល់តែសម្ភារមួយចំនួនដែលរដ្ឋបាលខណ្ឌ រក្សាទុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត៕