(ភ្នំពេញ)៖ លោក អ៊ុ វុទ្ធទី ប្រធានកិត្តិយស និងជាស្ថាបនិកសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន និងសហការី តំណាងអោយសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន នៅថ្ងៃទី២៥ ខែមេសានេះ បានទទួលម៉ាស់ KN95 ចំនួន៥០០០ម៉ាស់ ដែលជាជំនួយរបស់លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋចិនប្រចាំកម្ពុជា សម្រាប់ទ្រទ្រង់សកម្មភាពរបស់សមាគមនិស្សិតក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងជំងឺរាលត្បាតកូវីដ-១៩ នៅកម្ពុជា ជាពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគម Chinese Doctor Team (CDT) ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងការចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តក្រុង ក្នុងក្របខណ្ឌទូទៅប្រទេស។

លោក អ៊ុ វុទ្ធទី ក៏បានបង្ហាញចំណាប់រីករាយ ចំពោះស្ថានទូតចិនដែលតែងគាំទ្រសកម្មភាពសមាគមនិស្សិត ហើយលោកក៏ពិភាក្សាជាកិច្ចការមួយចំនួនជាមួយមន្រ្ដីស្ថានទូតចិន អំពីការវិលត្រឡប់ទៅបន្ដការសិក្សានៅប្រទេសចិនវិញ សម្រាប់និស្សិតដែលបានចាក់វ៉ាក់សាំងរួច ដោយបច្ចុប្បន្ននិស្សិតកម្ពុជាប្រមាណជាង ១៨០០នាក់ បានទទួលវ៉ាក់សាំងរួចរាល់ផងដែរ។

លោកបន្ថែមទៀតថា នេះជាការរួមចំណែកមួយយ៉ាងសំខាន់របស់ស្ថានទូតចិន ក៏ដូចជាប្រទេសចិនដែលបានចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវ នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្ដល់ជាជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមកផងដែរ។

ជាចុងក្រោយ លោកសូមថ្លែងអំណរគុណដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី នៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតនិស្សិតកម្ពុជាដែលសិក្សានៅប្រទេសចិន បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីត្រឡប់ទៅបន្ដការសិក្សានៅប្រទេសចិនវិញ៕