(ភ្នំពេញ)៖ លោកស្រី ទេព កូលា​ប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) និងជាប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យល័យនេះផ្ទាល់ បានពាំនាំ​អំណោយ​ជាច្រើន ទៅចែកជូនដល់ស្រ្តី ដែលកំពុងជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២(គុកព្រៃស) ប្រមាណ៥៥០នាក់ ក្នុងឱកាសទិវា សិទ្ធិនារីអន្តរជាតិ៨មីនា ខួបលើក​ទី​១០៥ ឆ្នាំ២០១៦នេះ ដើម្បីជួយសម្រួលដល់ការលំបាក របស់បងប្អូនស្រ្តី ដែលកំពុងជាប់ឃុំ និងជាការបង្ហាញពីទឹកចិត្តស្រឡាញ់ ផ្ដល់កម្លាំងចិត្ត បង្កើនភាពស្និទ្ធស្នាល និងជាការគិតគូ​ពីសុខទុក្ខដល់ពួកគេ ដែលជារៀងរាល់ឆ្នាំ លោកស្រី ទេព កូលាប តែងតែជួបសំណេះសំណាល ជាមួយស្រ្តីជាប់ឃុំទាំងនោះជាហូរហែ ។

ក្នុងឱកាសពាំនាំអំណោយ ចែកជូនដល់ស្រ្តីជាប់ឃុំ​ នៅព្រឹកថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៦នេះ ក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក គឹម សារិន អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោកប្រធានមណ្ឌលអប់រំកែប្រែទី២ មន្រ្តីពន្ធនាគារ ព្រមទាំងស្រ្តីជាប់ឃុំឃាំង ប្រមាណជាង៥០០នាក់ ។

លោក គឹម សារិន អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មណ្ឌលអប់រំកែប្រែទី២ ជាមណ្ឌលកែប្រែដែលគ្រប់គ្រង ដោយ​ផ្ទាល់​ពី​អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងគ្រប់គ្រងជនជាប់ឃុំ ជា២ប្រភេទ មានដូចជា ជនជាប់ឃុំជាអនិតិជន និងជនជាប់ឃុំជាស្រ្តី ដោយមានអាគារឃុំឃាំង ទាំងអស់ចំនួន៣អាគារ ស្មើនឹង១៥បន្ទប់ ហើយបច្ចុប្បន្នជនជាប់ឃុំឃាំង ទាំងអស់មានចំនួន ៨២០នាក់ ស្រី៥៥០ នាក់ ប្រុស២៧០នាក់ ក្នុងនោះ ស្រ្តីមានផ្ទៃពោះ ៩នាក់ និងកូនតាមម្ដាយ ៧នាក់។

លោកបន្តថា អ្នកជាប់ឃុំទាំងអស់ សុទ្ធតែទទួលបាននូវជំនាញ ផ្សេងៗគ្នា ដោយការងារអប់រំកែប្រែ និងការបណ្ដុះបណ្ដាលវិជ្ជាជិវៈ មានជាច្រើនថ្នាក់ និងបានបញ្ចេញទណ្ឌិតជាស្រ្តី​ធ្វើការងារសិប្បកម្ម ដេរកំទេចក្រណាត់ ដាំដំណាំ សំអាងការ សំណង់ ចិញ្ចឹមត្រី និងការងារកសិកម្ម ជាច្រើនទៀត។ ក្នុងនាមលោកជាអគ្គនាយកពន្ធនាគារ លោកសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី ទេព កូលាប ​សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ និងសហការីទាំងអស់ ដែលបានអញ្ជើញមកសំណេះសំណាល និងចែកអំណោយ ក្នុងឱកាសទិវាសិទ្ធិនារីអន្តរជាតិ ដោយពុំមានការរើសអើង អ្វីទាំងអស់ ។

ក្នុងឱកាសនោះ លោកស្រី ទេព កូលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ ក៏បានផ្ដាំផ្ញើសួរសុខទុក្ខ និងផ្ដល់កម្លាំងចិត្តដល់ស្រ្តីជាប់ឃុំទាំងអស់ ឲ្យចេះតស៊ូ ក្នុងជីវិត កុំអស់សង្ឃឹម ត្រូវចេះតស៊ូរៀនជំនាញ ចេះស្រឡាញ់ខ្លួនឯង និងអ្នកនៅជុំវិញខ្លួន ផ្ដល់អំពើល្អឲ្យខ្លួនឯង និងអ្នកដទៃ ហើយសង្ឃឹមថា ពេលបានរួចទោសចេញទៅវិញ នឹងនាំគ្នាសាងតែអំពើល្អ ចេះកែប្រែកំហុសរបស់ខ្លួន ក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិ។

លោកស្រីសាកលវិទ្យាធិការរូបនេះ បានសង្កត់ធ្ងន់ថា លោកស្រីនឹងសង្ឃឹមថា បងប្អូនស្រ្តីទាំងអស់ ដែលកំពុងជាប់ឃុំ នៅទីនេះនឹងមានសុខភាពល្អ បានរួចទោសមានសេរីភាព ក្នុងពេលឆាប់ៗនេះ ។ ក្នុងពេលនេះ ទោះបីជាអំណោយមាន លក្ខណៈតិចតួចក្ដី តែក៏ជាការបង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ ផ្ដល់នូវក្ដីអាណិតស្រឡាញ់ នៅក្នុងថ្ងៃជាពិសេសនេះ ។ តម្លៃ និងគុណធម៌របស់មនុស្សយើងជាស្រ្តី ត្រូវចេះឲ្យតម្លៃខ្លួនឯង មិនចាំបាច់បុរសជាអ្នកឲ្យតម្លៃយើងនោះទេ ។ លោកស្រីចង់ឲ្យស្រ្តីជាប់ឃុំទាំងអស់ ត្រូវចេះឲ្យតម្លៃខ្លួនឯង ធ្វើអ្វីជាអំពើល្អ បើយើងចង់បានអំពើល្អ លុះត្រាតែយើងធ្វើអំពើល្អជាមួយអ្នកដទៃ ទើបអំពើល្អនោះ ត្រឡប់មកយើងវិញ ។

សូមបញ្ជាក់ថា អំណោយដែលបានចែជូនដល់ស្រ្តីជាប់ឃុំ ប្រមាណ៥៥០ នាក់ ក្នុងឱកាសនោះ មានដូចជា ទឹកត្រី ទឹកស៊ីអ៉ីវ មី ទឹកដោះគោ សំឡីអនាម័យ និងថវិកា មួយចំនួនទៀត ៕