(ភ្នំពេញ)៖ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា គឹម សាវុធ និងជាប្រធានក្រុមហ៊ុនខ្មែរហ្វូត បានថ្លែងប្រាប់អង្គភាព Fresh news នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦នេះថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនចាត់វិធានការទប់ស្កាត់ ការនាំចូលអង្ករពីប្រទេស ជិតខាងនោះទេ ច្បាស់ណាស់ថា រោងម៉ាស៉ីនកិនស្រូវនៅកម្ពុជា នឹងត្រូវបិទទ្វារជាក់ជាមិនខាន។

ថ្លែងបែបនេះរបស់ លោក គឹម សាវុធ ធ្វើឡើងក្រោយពេល ដែលរោងម៉ាស៊ីនកិនស្រូវរបស់កម្ពុជា កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ត្រូវបិទទ្វារ ព្រោះអង្ករនាំចូល។

លោកថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអត់ចាត់វិធានការ លើការនាំចូលអង្ករទេនោះ រោងម៉ាស៉ីនកិនស្រូវនឹងត្រូវបិទទ្វារ ហើយលក់ទិញ រថយន្តដឹកស្រូវយកទៅលក់ឲ្យប្រទេសជិតខាង ជំនួសការកិនស្រូវ។....បើសម្តេចនាយករដ្ឋមន្ត្រី ចង់ដឹងលំអិតពាក់ព័ន្ធនឹងការនាំចូលអង្ករ មន្ត្រីសំខាន់ៗរបស់សហព័ន្ធ អាចចូលជួបរាយការណ៍ជូនបានយ៉ាងលម្អិត»។

មន្ត្រីសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងាថា សហព័ន្ធកំពុងតែរៀបចំលិខិត ស្នើដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីចាត់វិធានការទប់ស្តាក់ ការហូរចូលរបស់អង្ករនៃប្រទេសជិតខាង ហើយបាននឹងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់អាជីវកម្មរោងម៉ាស៉ីនកិនស្រូវ និងការនាំចេញអង្ករផងដែរ។   

ការសម្រេចរៀបចំលិខិតផ្ញើជូននាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីក្រុមការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបើកកិច្ចប្រជុំពិសេសមួយ ដើម្បីរិះរកវិធានការណ៍ជួយទប់ស្កាត់ការនាំចូលអង្ករ។

លោក ហ៊ឹម ខទៀត មន្ត្រីទំនាក់ទំនងព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ Fresh news នៅថ្ងៃទី៧ ខែមីនានេះថា សហព័ន្ធបាននឹងកំពុងធ្វើការងារ រៀបចំលិខិតផ្លូវការមួយ ដើម្បីជូនសម្តេចនាយករដ្ឋមន្ត្រីជួយទប់ស្តាក់ការនាំចូលអង្ករពីប្រទេសជិតខាង។ យ៉ាងណាក៏ដោយលោកមិនបានបញ្ជាក់ពីពេលវេលា ច្បាស់លាស់នោះទេ។

លោកឧកញ៉ា គឹម សាវុធ បានបញ្ជាក់ទៀតថា ចាត់វិធានការទប់ស្កាត់នេះ មិនធ្វើឲ្យប៉ះពាល់ពាណិជ្ជកម្ម និងទំនាក់ទំនងប្រទេសជិតខាង នោះទេ ពោលគឺនៅបណ្តាលប្រទេសដទៃ មានគោលការយ៉ាងច្បាស់ ពាក់ព័ន្ធនឹងការនាំចូលអង្ករ ព្រោះបញ្ហាការនាំចូលអង្ករ ត្រូវបានគេ ចាត់ទុកជាស្បៀងយុទ្ធសាស្ត្រ ដែលមុននឹងមានការនាំចូល គឺត្រូវសុំសិទ្ធិអនុញ្ញាតត្រឹមត្រូវជាមុនសិន និងមានការត្រួតពិនិត្យគុណភាពម្ហូបអាហារ និងភោគាមអនាម័យ ឲ្យបានត្រឹមត្រូវ។

យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់របស់អ្នកជំនាញ និងជាអ្នកប្រកបអាជីវកម្មស្រូវអង្ករបានអះអាងថា មានរោងម៉ាស៉ីនកិនស្រូវ ពីមួយឆ្នាំទៅមួយឆ្នាំ បានបិទទ្វារឈប់ប្រកបមុខរបររកស៊ី ចេះតែកើនឡើង ដោយសារតែពួកគេមិនអាចប្រគួតប្រជែងនិងអង្ករ នាំចូលពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម ដែលមានតំលៃអង្ករថោកជាងប្រទេសកម្ពុជា។

ជាមួយគ្នានេះដែរ លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice បានសម្តែងនូវក្តីរំពឹងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើការរឹតបន្តឹង និងទប់ស្កាត់ការនាំចូលអង្ករ ពីប្រទេសជិតខាងប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ក្តីសង្ឃឹមដល់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា៕