(បាត់ដំបង)៖ ក្រុមហ៊ុនធ្វើរ៉ែមាស គ្មានយីហោអត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្ហូរទឹក ដែលមានសារធាតុគីមី ចូលទៅក្នុងអូរ បណ្តាលឲ្យជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ តែអាជ្ញាធរស្រុកឆ្លើយថា មិនដឹងរឿងទេទៅវិញ។

កាលពីចុងសប្តាហ៍កន្លងទៅនេះ បុគ្គលិកជនជាតិខ្មែរតំណាងថៅកែ ជនជាតិចិនម្នាក់ បានប្រាប់ភ្នាក់ងារ Fresh Newsថា ក្រុមហ៊ុនរុករករ៉ែមាសនេះ កំពុងរត់សុំច្បាប់ ហើយពេលក្រុមអ្នកសារព័ត៌មាន ទៅសួរនាំដល់កម្មករតើ ក្រុមហ៊ុននេះឈ្មោះអី? ហើយមកពីណា? ស្រាប់តែអ្នកមើលការខុសត្រូវនៅទីនោះ ឆ្លើយថា មិនចាំបាច់ប្រាប់ទេ ព្រោះក្រុមហ៊ុននេះគ្រាន់តែធ្វើការសាកល្បង តែប៉ុណ្ណោះ។

ពាក់ព័ន្ធករណីនេះដែរ លោក សួន គឿន អភិបាលស្រុកភ្នំព្រឹក នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦ បានប្រាប់តាមទូរស័ព្ទថា លោកកំពុងបង្កើតគណៈកម្មការ១ក្រុម ដឹកនាំដោយលោក ហែម ស៊ីណាក់ ជាអភិបាលរងស្រុក ចុះពិនិត្យជាបន្ទាន់ដើម្បីស្រាវជ្រាវ ស្រង់ស្ថិតិក្រុមហ៊ុនណាមានច្បាប់ និងក្រុមហ៊ុនណាគ្មានច្បាប់ ដើម្បីរាយការណ៍ជូនថ្នាក់លើ គោលបំណងដើម្បីចាត់វិធានការ តាមច្បាប់។

លោក អ៊ាន មាឃ ប្រធានមន្ទីររ៉ែ និង ថាមពលខេត្តបាត់ដំបង បានឆ្លើយបំភ្លឺតាមទូរស័ព្ទផងដែរថា «បញ្ហារ៉ែមាសនៅស្រុកភ្នំព្រឹក គឺមានតែក្រុមហ៊ុន ភូយ៉ាងរបស់ចិនមួយគត់ ដែលមានច្បាប់អនុញាតរុករករ៉ែមាស តែមិនទាន់មានច្បាប់ឲ្យធ្វើអាជីវកម្មនៅឡើយទេ ចំណែកក្រុមហ៊ុនផ្សេងទៀត ពុំមានច្បាប់អនុញាតពីមន្ទីរ និងក្រសួងជំនាញនៅឡើយទេ»។
តែបច្ចុប្បន្នលោកបានប្រគល់ឲ្យអាជ្ញាធរមូលដ្ឋាន សហការជាអ្នកមើលការខុសត្រូវផ្ទាល់ ចំពោះជនណា និងក្រុមហ៊ុនណាមិនព្រម ស្តាប់តាមការណែនាំរបស់មន្ទីរជំនាញទេ គឺលោក នឹងអនុវត្តតាមច្បាប់៕