(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានចុះសាកសួរសុខទុក្ខ និងចុះចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាតាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ចំនួន៣១៣គ្រួសារ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ ដែលរស់នៅក្នុងសង្កាត់ទំនប់ទឹក សង្កាត់បឹងកេងកងទី៣ សង្កាត់អូឡាំពិក សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

លោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានលើកឡើងតាមឧគ្ឃោសនៈស័ព្ទ ខណៈពេលចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ឃួង ស្រេង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញនាសព្វថ្ងៃនេះមានចំនួន៣១៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ខាងលើខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

លោកអភិបាលបានបន្តទៀតថា បើទោះបីជាក្នុងដំណាក់កាល ដែលពិភពលោកកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមានចំណាត់ការ និងវិធានការណ៍យ៉ាងតឹងរឹង បិទខ្ទុបរាជធានីក្នុងការទប់ស្កាត់បានទាន់ពេលវេលា ក្នុងការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។

ហើយក៏បានបង្ហាញអំពីប្រទេសជាតិមានសុខសន្តិភាព និងការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល តាមរយៈសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អនុសាខាសមាគមន៍នារីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារ រាជរដ្ឋាភិបាលចុះជួយរាជធានី និងក្រុមការងារចុះជួយសង្កាត់ ខណ្ឌ ដែលតែងចុះជួបសំណេះសំណាល និងនាំយកនូវអំណោយមកឧបត្ថម្ភដល់គ្រួសារដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ១៩នេះផងដែរ។

លោកស្រី ស៊ិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឲ្យដឹងថា អំណោយដែលផ្ដល់ជូននាពេលនេះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១០កំប៉ុង, ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌបឹងកេងកង ធឹម សំអាន ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តសេចក្ដីសម្រេចលេខ ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានម៉ឺងម៉ាត់ និងថែរក្សាអនាម័យ ខ្លួនប្រាណឲ្យបានល្អត្រឹមត្រូវជាប្រចាំរៀងរាល់ថ្ងៃដោយលាងដៃជាមួយទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវនាំគ្នាអនុវត្តតាមការណែនាំឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ជានិច្ចដើម្បីបង្ការទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩៕