(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជា ក្នុងឋានៈសមាជិកស្ថាបនិក នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឤចទទួលបានអត្ថប្រយោជន៍ធំ សម្រាប់តម្រូវការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលវិស័យចាំបាច់មួយរបស់កម្ពុជា ពីធនាគារថ្មីមួយនេះ។

សម្តេចតេជោ ថ្លែងបែបនេះ ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០១៦ ភាពជាដៃគូរវាងវិទ្យាស្ថានបណុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និង ធនាគារ ANZ Royal «ជំរុញការងារទៅមុខ៖ ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស និង ក្នុងតំបន់ និង ឡូជីស្ទីក សម្រាប់ការតភ្ជាប់, កំណើន និង ការអភិវឌ្ឍ» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភោគីត្រា ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៦។   

សម្តេចតេជោ ហ៊ុន​ សែន បានថ្លែងយ៉ាងដូច្នេះថា «កត្តាកំណត់ជោគជ័យចម្បងមួយ គឺសមត្ថភាពរបស់យើងក្នុងការធ្វើការងាររួមគ្នា ដើម្បីបន្តពង្រឹងភាពជាដៃគូ ដែលមានស្រាប់ និង ផ្តួចផ្តើមបង្កើតភាពជាដៃគូថ្មីៗ សម្រាប់ការធ្វើផែនការ, ការអនុវត្ត និងការផ្តល់ហិរញ្ញវត្ថុដល់ គម្រោងហេដ្ឋារចនាសម្ព័ន្ធចម្បងៗ។ យើងសូមសម្តែងការគាំទ្រជាពិសេស ដល់ការបង្កើតធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធឤស៊ី ដែលត្រូវបានបង្កើតឡើងនាពេលថ្មីៗ តាមគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ដែលកំពុងទទួលបានការ ចូលរួមជាដៃគូយ៉ាងច្រើនពីសំណាក់ស្ថាប័នទ្វេភាគី និងពហុភាគីក្នុងពិភពលោក ។ ប្រទេសកម្ពុជាយើងក្នុងឋានៈជាសមាជិក ស្ថាបនិកនៃធនាគារនេះ ឤចទទួលបានអត្ថប្រយោជន៍ធំ សម្រាប់តម្រូវការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធ ។ យើងក៏គាំទ្រដល់មូលនិធិផ្លូវសូត្រ ដែលនឹងជួយទ្រទ្រង់ដល់គំនិតផ្តួចផ្តើមបង្កើតការតភ្ជាប់តាមផ្លូវគោក និងផ្លូវសមុទ្រ រវាងតំបន់ឤស៊ីឤគ្នេយ៍, ឤស៊ីបូព៌ា, ឤស៊ីខាងត្បូង និង ឤស៊ីកណ្តាល»។

សម្តេចបានថ្លែងទៀតថា កម្ពុជាត្រៀមខ្លួនបន្តធ្វើការងារ ជាមួយដៃគូពហុភាគីយូរអង្វែងដូចជា ធនាគារអភិវឌ្ឍន៍ឤស៊ី និងដៃគូទ្វេភាគី ដូចជាទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន ជាដើម ដែលបានចូលរួមចំណែកច្រើន ក្នុងការអភិវឌ្ឍសមត្ថភាពដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងពេលកន្លងមករហូតដល់បច្ចុប្បន្ន ។ ទន្ទឹមនេះ កម្ពុជាត្រូវមានការសម្របសម្រួល និង សហប្រតិបត្តិការកាន់តែខ្លាំង ក្លាបំផុតរវាងក្រសួង ស្ថាប័នរដ្ឋសំខាន់ៗ, វិស័យឯកជន និង ដៃគូអភិវឌ្ឍទាំងចាស់ ទាំងថី្ម ដើម្បីសម្រេចតាមគោលដៅ ប្រកបដោយមហិច្ឆិតាខ្ពស់ និង ដើម្បីជំរុញ ការងារទៅមុខក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម័ន្ធក្នុងប្រទេស និង ក្នុងតំបន់ឡូជីស្ទីក សម្រាប់ការតភ្ជាប់កំណើន និងការអភិវឌ្ឍ៕