(កំពង់ឆ្នាំង)៖ ពលរដ្ឋប្រុសស្រីក្មេងចាស់ចំនួន ៥នាក់ ជាប់ពាក់ព័ន្ធជាមួយស្ត្រីម្នាក់មកពីរាជធានីភ្នំពេញ «តំបន់ចំណុចក្រហម» ត្រូវបានសមត្ថកិច្ចសហការជាមួយក្រុមការងារ នៃមន្ទីរសុខាភិបាលបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កស្រុកជលគិរី។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ឹម យ៉ុង អធិការនគរបាលស្រុកជល់គិរី។

លោកអធិការបានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះថា ពលរដ្ឋទាំង ៥នាក់នេះ មានទីលំនៅក្នុងភូមិជំពារ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុកជល់គិរី នៅព្រឹកថ្ងៃទី២៣ ខែមេសានេះ បន្ទាប់ពីស្ត្រីម្នាក់ឈ្មោះ ខាត់ សុគា អាយុ២៦ឆ្នាំ (មានទីលំនៅក្នុងភូមិឃុំខាងលើ) បានមកពីភ្នំពេញចេញពីតំបន់ចំណុចក្រហម តាមមធ្យោបាយម៉ូតូកង់បីមួយគ្រឿងជិះមកតាំងពីភ្នំពេញ។

លោកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងរបស់លោកសហការជាមួយក្រុមគ្រូពេទ្យ បានទៅដឹកយកស្ត្រីខាងលើ និងក្រុមគ្រួសារ៥នាក់ទៀត សរុប៦នាក់ បញ្ជូនមកធ្វើចត្តាឡីស័ក នៅវេលាម៉ោង៩៖០០នាទីព្រឹកថ្ងៃទី២៣ ខែមេសានេះ ដោយបង្ការ និងចៀសវាងមានការចម្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍។

បច្ចុប្បន្ននៅស្រុកជលគីរី គេសង្កេតឃើញការអនុវត្តច្បាប់ទៅលើអ្នកដែលមកពីក្រៅចូលក្នុងមូលដ្ឋានអ្នក ដែលពាក់ព័ន្ធជាមួយបុគ្គលដែលលួចចូលមកពីខាងក្រៅមូលដ្ឋានបើទោះជាគ្រួសារនោះមានគ្នាប៉ុន្មាននាក់ក៏ដោយ ក៏ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កទាំងអស់ ដោយមិនមានការយោគយល់ឡើយ៕