(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង មានអ្នកពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ចំនួន ១៦៣នាក់ ខណៈលទ្ធផលតេស្តកូវីដ១៩ លើពួកគាត់អវិជ្ជមានទាំងអស់។ នេះបើតាមលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ។

លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ក្នុងចំណោមអ្នកពាក់ព័ន្ធ នឹងព្រឹត្តិការណ៍២០កុម្ភៈ នៅខេត្តកំពង់ឆ្នាំងទាំងអស់ រួមមាន៖

១៖ ពាក់ព័ន្ធនឹងសព នូ ចុល ចំនួន ៦៨នាក់
២៖ ពាក់ព័ន្ធនឹងអ្នកមកពីរាជធានីភ្នំពេញ និងខេត្តផ្សេងៗ ចំនួន ៨៧នាក់
៣៖ អ្នកមានជំងឺសួត (សង្ស័យកូវីដ) ចំនួន ៨នាក់

លោកវេជ្ជបណ្ឌិតបានបន្តឲ្យដឹងទៀតថា ចំពោះអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងសព នូ ចុល បានផ្អាកយកសំណាកសិន តែត្រូវតាមដានជាប្រចាំរហូត ដល់ថ្ងៃយកសំណាកលើកទី២ និងទី៣។

ដោយឡែក នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅផ្សារព្រៃខ្មែរ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគ បន្ទាប់ពីអាជីវករលក់ដូរក្នុងផ្សារជាច្រើននាក់ ជាប់ពាក់ព័ន្ធជាមួយ នឹងក្រុមគ្រួសាររបស់សព នូ ចុល ដែលបានចូលមកទិញអ៉ីវ៉ាន់ក្នុងផ្សារយកទៅលក់បន្ត ស្ទើររាល់ថ្ងៃ មុនពេលដែលលោក នូ ចុល ស្លាប់៕