(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់កម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ពេលកំពុងបិទខ្ទប់ក្នុងរយៈពេល១៤ថ្ងៃ និងដើម្បីយើងឆាប់បានបើកក្រុងភ្នំពេញមកប្រក្រតីភាពឡើងវិញ។

ការអំពាវនាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅវេលាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្នុងឱកាសលោកបានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់កម្មករកម្មការិនី និងប្រជាពលរដ្ឋចំនួន ២,១៦៣គ្រួសារ ដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលសង្កែទី១ ចំនួន១,៦៦៣គ្រួសារ និងសង្កាត់ទួលសង្កែទី២ ចំនួន៥០០គ្រួសារ ខណ្ឌឫស្សីកែវ។

ក្នុងឱកាសនោះលោក ឃួង ស្រេង បានអំពាវនាវយ៉ាងដូច្នេះថា៖ «ការចូលរួមរបស់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ពិតជាមានតម្លៃខ្លាំងណាស់ ធ្វើឱ្យការបិទខ្ទប់រាជធានីភ្នំពេញ ប្រើប្រាស់រយៈពេលខ្លី។ ដូច្នេះ សូមបងប្អូនទាំងអស់ ចូលរួមសហការ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយឱ្យបាននូវការរីករាលដាលនៃជំងឺកូវី-១៩ និងឆាប់បានបើកក្រុងភ្នំពេញ មកប្រក្រតីភាពឡើងវិញ»

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការបិទខ្ទប់លំនៅដ្ឋានរបស់បងប្អូនមិនឱ្យធ្វើការចល័តពីផ្ទះមួយទៅផ្ទះមួយពីភូមិមួយ ទៅភូមិមួយពីរខណ្ឌមួយ ទៅខណ្ឌនេះ ពិតជាធ្វើឱ្យប្រជាពលរដ្ឋមានការឈឺចាប់ និងលំបាកហើយ។ ប៉ុន្តែយើងធ្វើនេះ គឺដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋឱ្យបានរស់រានមានជីវិតសិន។ ក្រោយព្រឹត្តិការណ៍កូវីដ-១៩ យើងនឹងដំណើរការបើករាជធានីភ្នំពេញ ឡើងវិញ នៅពេលបើករាជធានីភ្នំពេញឡើងវិញ នោះការបើកអាជីវកម្មផ្សារ និងរោងចក្រនានា ក៏ត្រូវតែបើកដំណើរការព្រមៗគ្នាផងដែរ។

លោក ឃួង ស្រេង បានបន្ថែមថា «រដ្ឋបាលរាជធានីភ្នំពេញ មិនចង់អនុវត្តនូវការផាកពិន័យពី ១លានរៀល ទៅ៥លានរៀល ចំពោះការល្មើសនឹងបំរាមរបស់រាជរដ្ឋាភិបាលនោះទេ។ ដូច្នេះ សូមបងប្អូនទាំងអស់យោគយល់ និងចូលរួមសហការជាមួយអាជ្ញាធររាជធានីដូចជា រដ្ឋាភិបាល ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការឆ្លងនៃជំងឺកូវីដ-១៩នេះ និងដើម្បីយើងអាចបើករាជធានីភ្នំពេញ ឱ្យមកជាប្រក្រតីភាពដូចភាពឡើងវិញ»

នាឱកាសនោះអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រគល់ជូនកម្មករ កម្មការិនីរួម និងប្រជាពលរដ្ឋមាន៖ អង្ករ២៥គីឡូ មី ១កេស ទឹកស៊ីវអ៊ីវ ១យួរ ទឹកត្រី១យួរ និងត្រីខ ១យួរ សម្រាប់ក្នុងមួយគ្រួសារផងដែរ៕