(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យស្តង់លក់ស្បៀង និងគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ កំលុងពេលបិទខ្ទប់។

យោងតាមសេចក្ដីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាស្បៀង គ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋនោះក្រសួងពាណិជ្ជកម្ម បានរៀបចំសម្របសម្រួលផ្គត់ផ្គង់ស្បៀង និងគ្រឿងឧបភោគបរិភោគចាំបាច់ ដោយរៀបចំជាស្តង់ និងដឹកលក់ទៅកាន់តំបន់ក្រហមផងដែរ។

លោករដ្ឋមន្ត្រី បានថ្លែងថា ក្រសួងបានរៀបចំស្តង់លក់ចំនួន ១១ស្តង់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីផ្សារអនឡាញ (shop.moc.gov.kh) សម្រាប់លក់ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកបរិសុទ្ធ ព្រមទាំងគ្រឿងឧបភោគបរិភោគចាំបាច់ផ្សេងៗ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ដោយដឹកជញ្ជូនដល់មុខផ្ទះរបស់អ្នកទិញតែម្ដង។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តវិធានការរបស់អាជ្ញាធរមូលដ្ឋាន ក្រសួងសុខាភិបាល និងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ ៣កុំ និង ៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម លក់បានអង្ករ២១៨បាវ, មីជាតិ៦២៣កេស, ទឹកត្រី១៤៨យួរ, ទឹកស៊ីអ៊ីវ១៦៧យួរ, ត្រីខ ៣៥៥យួរ, បន្លែ១១៥គីឡូក្រាម និងសាច់ក្រក១៣គីឡូក្រាម ក្នុងតម្លៃទាបជាងទីផ្សារ ជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់ក្រហម។ ដោយឡែកការបញ្ជាទិញតាមរយៈទីផ្សារអនឡាញវិញ មានការបញ្ជាទិញរហូតដល់ ៤១២ប្រតិបត្តិការឯណោះ (គិតត្រឹមម៉ោង១៥ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)។

ដើម្បីជាជំនួយដល់ការទិញរបស់ប្រជាពលរដ្ឋ ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមរយៈលេខទូរសព្ទ ដូចជា៖ ០១៧ ៨៥៥ ០១១, ០១២ ៧៦៧ ០៤៣, ០៨៩ ៣៥៥ ៦៩៦, ០៦៩ ៥២៤ ៤៩៩, ០១៥ ៨០៥ ៣១៣, ០១២ ៩១៧ ៧៦០, ០៩៣ ៧០៧ ២៧៧, ០១៧ ៨៨២ ៨៣៨, ០១៥ ៩០០ ០២៥, ០១៧ ៦៦៥ ៥៩៥, ០៧៧ ៩០៦ ០២៤, ០៩៨ ៧១៧ ១៩៦៕