(ភ្នំពេញ)៖ អង្គការផេក (Pact) ដែលអនុវត្តគម្រោងសហគ្រិននារីសកម្ម (WE Act) និងផ្តល់ថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងអង្គការអន្តរជាតិខាងការងារ (ILO) បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលជំនាញសហគ្រិនភាព និងជំនាញទន់ដល់ស្ត្រី និងយុវជនកម្ពុជាចំនួន១.៥០០ នាក់ ដើម្បីជំរុញកំណើនអាជីវកម្ម ឬការចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។

វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឡើងដោយផ្អែកលើកម្មវិធីបណ្តុះបណ្តាលការអភិវឌ្ឍន៍សហគ្រាសតាមសហគមន៍ (CBED ) របស់អង្គការ ILO ដោយផ្អែកលើសកម្មភាពនិងការចូលរួម ដែលកម្មវិធីនេះត្រូវបានរៀបចំជាភាសាខ្មែរ និងស្របទៅនឹងបរិបទកម្ពុជា។

ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យគម្រោង WE Act ប្រើប្រាស់ និងរៀបចំសម្រួលសម្ភារកម្មវិធី CBED ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនស្ត្រី និងយុវជនក្នុងការពង្រឹងអាជីវកម្ម ឬការចាប់ផ្តើមអាជីកម្ម។ ដៃគូអនុវត្តន៍គម្រោងរបស់ WE Act ជាដំបូងនឹងធ្វើការណែនាំវគ្គបណ្តុះបណ្តាលនេះ ដល់អ្នកសម្របសម្រួលដោយមានការគាំទ្របច្ចេកទេសពីអង្គការ ILO។ វាគឺជាវិធីសាស្រ្តបណ្តុះបណ្តាល ផ្អែកលើសកម្មភាពដ៏រឹងមាំ ដែលអាចត្រូវបានប្រើសម្រាប់ការ បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Online) និងដោយផ្ទាល់។

លោកស្រី Veena Reddy នាយិកាបេសកកម្ម USAID ប្រចាំកម្ពុជា បានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះជួយយើងឆ្ពោះទៅរកគោលបំណងរួមរបស់យើង ដែលនឹងជួយស្ត្រី និងយុវជនក្នុងស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩។ យើងសង្ឃឹមថា វិធីសាស្រ្តប្រកបដោយនវានុវត្តន៍នេះ និងកិច្ចសហការរបស់យើងជាមួយអង្គការ ILO និងអង្គការផេកនឹងផ្តល់ឱ្យពួកគេនូវចំណេះដឹង និងជំនាញចាំបាច់ដើម្បីកែលម្អជីវិត និងអាជីវកម្មរបស់ពួកគេ»

លោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំប្រទេសកម្ពុជា និងជានាយិកាគម្រោង WE Act បានថ្លែងដែរថា៖ «យើងធ្វើជាដៃគូជាមួយអង្គការ ILO ដែលបានរៀបចំសម្ភារៈបណ្តុះបណ្តាលសម្រាប់បរិបទកម្ពុជា ជាជាងយើងរៀបចំសម្ភារបណ្តុះបណ្តាលឡើងវិញ។ ទាំងអស់នេះ នឹងជួយឱ្យដៃគូអនុវត្តន៍របស់យើងសម្របសម្រួលវគ្គបណ្តុះបណ្តាលទាំងនេះ ដល់សហគ្រិន និងយុវជនឱ្យកាន់តែលឿន និងមានគុណភាពខ្ពស់ ដោយធានាបាន នូវការទទួលបានផលខ្ពស់ ជាពិសេសក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ ដែលពួកគេអាចមានជម្រើសទទួលបានវគ្គបណ្តុះបណ្តាល តាមរយៈប្រព័ន្ធអនឡាញដើម្បីកសាងជំនាញ និងដោះស្រាយបញ្ហាដែលសហគ្រិនតែងតែលើកឡើង»

លោក Charles Bodwell អ្នកជំនាញការផ្នែកអភិវឌ្ឍសហគ្រាសនៃអង្គការ ILO បានថ្លែងថា៖ «ការបណ្តុះបណ្តាលដោយផ្អែកលើសកម្មភាពរបស់អង្គការ ILO គឺជាវិធីសាស្ត្របណ្តុះបណ្តាលដែលនាំឱ្យមានភាពរីកចម្រើនទៅមុខ មាននិរន្តរភាព និងទទួលបានផល។ វិធីសាស្ត្រនេះត្រូវបានអនុវត្តដោយដៃគូជាង ១៤០ ហើយបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រមាណ ៤០ម៉ឺននាក់នៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។ តាមរយៈភាពជាដៃគូនេះ យើងរំពឹងថា សហគ្រិនស្ត្រី និងបុរសវ័យក្មេងនៅក្នុងប្រទេសកម្ពុជានឹងទទួលបានឱកាសបណ្តុះបណ្តាលអំពីជំនាញអាជីវកម្ម និងជំនាញទន់»

គម្រោង WE Act ធ្វើការជាមួយដៃគូប្រមាណ ៣០ ដែលរួមមានស្ថាប័នធ្វើអាជីវកម្មក្នុងស្រុក អង្គការក្រៅរដ្ឋាភិបាល សមាគម ក្រុមហ៊ុនឯកជន និងក្រុម/បណ្តាញក្រៅប្រព័ន្ធ ដែលផ្តល់សេវាកម្មអភិវឌ្ឍន៍សមត្ថភាពដល់សហគ្រិនស្ត្រី និងយុវជន។ អង្គការ ILO គឺជាទីភ្នាក់ងារជំនាញរបស់អង្គការសហប្រជាជាតិដែលផ្តល់នូវជំនាញបច្ចេកទេសលើការអភិវឌ្ឍសហគ្រាស និងជំនាញទន់នៅកម្រិតអន្តរជាតិ និងបានរៀបចំសម្ភារៈបណ្តុះបណ្តាលជាភាសាខ្មែរសម្រាប់តម្រូវការក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា ទីភ្នាក់ងារជំនួយអាមេរិក USAID ធ្វើការជាមួយដៃគូជាតិ និងអន្តរជាតិដើម្បីអនុវត្តកម្មវិធី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាក្នុង ២៥រាជធានី ខេត្ដ។ ការងាររបស់ USAID ផ្តោតលើការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ធ្វើឱ្យប្រសើរឡើងនូវសុខភាព និងអាហារូបត្ថម្ភ ការគាំទ្រដល់ការអប់រំ និងការអភិវឌ្ឍកុមារ ការបង្កើនផលិតកម្មកសិកម្មនិងសន្តិសុខស្បៀង ការអភិរក្សព្រៃឈើនិងផ្ទៃរងទឹកភ្លៀង និងការជួយកសិករ និងគ្រួសារក្នុងការបន្សុំា និងកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ។

ចំពោះអង្គការផេក, ដោយបង្កើតឡើងក្នុងឆ្នាំ ១៩៧១ អង្គការនេះធ្វើការដើម្បីពិភពលោកមួយដែលមនុស្សទាំងអស់ត្រូវបានយកចិត្តទុកដាក់ មានសមត្ថភាព និងមានជីវិតរស់រវើក។ អង្គការផេកបានផ្តល់សិទ្ធិអំណាចដល់ប្រជាជនដែលបាត់បង់ឱកាសនៅកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩១។ ធ្វើការជាមួយអង្គការដៃគូ អង្គការផេកអនុវត្តគម្រោងសហគ្រិននារីសកម្ម (WE Act) ចាប់តាំងពីខែសីហាឆ្នាំ ២០១៨ ដើម្បីផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រីវ័យក្មេងឱ្យបំពេញសក្តានុពលពេញលេញក្នុងនាមជាសហគ្រិន និងទទួលបានភាពជោគជ័យនៅក្នុងអាជីវកម្ម និងចូលរួមប្រកបដោយការស្ថាបនានៅក្នុងសង្គម។

រី ឯអង្គការ ILO, គឺប្រទេសកម្ពុជាបានក្លាយជាសមាជិករបស់ ILO ក្នុងឆ្នាំ ១៩៦៩ ។ ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៩០ អង្គការ ILO បានក្លាយជាដៃគូសកម្ម ក្នុងការស្តារសេដ្ឋកិច្ច សង្គមនិងប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារជីវភាពរស់នៅ បង្កើតការងារប្រកបដោយចីរភាព កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងរៀបចំ និងពង្រឹងស្ថាប័នប្រជាធិបតេយ្យ។ ដើម្បីគាំទ្រសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម អង្គការ ILO អនុវត្តកម្មវិធីបណ្តុះបណ្តាលដោយផ្អែកលើសកម្មភាព។ សម្រាប់ព័ត៌មានលម្អិត និងបច្ចុប្បន្នភាព សូមចូលទៅកាន់ ILO Peer Learning hub website ៕