(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈពីក្រុមហ៊ុន JTI ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តយកទៅចែកចាយ ដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ ដែលបាននិងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ ក្នុងខណៈដែលរាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាលបិទខ្ទប់ក្នុងរយៈពេល១៤ ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្រុមហ៊ុន JTI កន្លងមកតែងបានជួយឧបត្ថមមករដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់។ សម្រាប់អំណោយដែលទទួលបានពីក្រុមហ៊ុនខាងលើនៅពេលនេះ រួមមាន៖ ទឹកក្រូចចំនួន៥០០កេស ទឹកបរិសុទ្ធ ចំនួន៥០០កេស និងអាហារសម្រន់ចំនួន១០០០កញ្ចប់។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន JTI ដែលបានជួយឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងភេសជ្ជៈខាងលើនេះ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានបន្តយកទៅចែក ចាយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែលបាន និងកំពុងឈរនៅតាមគោលដៅបិទខ្ទប់រាជធានីភ្នំពេញ រយៈពេល១៤ថ្ងៃ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

ក្រោយពីបានទទួលបានអំណោយខាងលើ លោក ឃួង ស្រេង ក៏បានចាត់តាំងឲ្យលោក ហួត ហៃ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន JTI ផងដែរនោះ បានបន្តយកភេសជ្ជៈ និងអាហារសម្រន់ទាំងនេះ ទៅចែកជូនដល់កងកម្លាំងនៅតាមគោលដៅបិទខ្ទប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅល្ងាចថ្ងៃដដែលនេះ ក្នុងនោះលោក ហួត ហៃ បាននាំយកអំណោយទាំងនេះ ទៅចែកងកម្លាំងដែលបាន និងកំពុងឈជើងនៅគោលដៅផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ។ ចំណែកលោក នួន ផារ័ត្ន វិញរួមជាមួយតំណាង ក្រុមហ៊ុន JTI បានដឹកនាំភេសជ្ជៈនេះទៅប្រគល់ជូន ដោយផ្ទាល់ដល់ទីតាំងដែលបានបិទខ្ទប់នៅតំបន់ក្រហមក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិសែនជ័យព្រមៗគ្នាផងដែរ៕