(កែប)៖ លោក ងួន ច័ន្ទសុជាតា សមាជិកគណៈកម្មការ ស.ស.យ.ក ថ្នាក់កណ្តាល និងជាប្រធាន ស.ស.យ.ក ខេត្ត និងសមាជិកសមាជិកា ស.ស.យ.ក ខេត្តកែប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារពាក់ព័ន្ធនាំយកគ្រឿងឧបភោគ បរិភោគ របស់លោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ផ្តល់ជូនប្អូនៗយុវជន ស.ស.យ.ក នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចរិយាវង្ស ប្រមាណ៧នាក់ មកពីសង្កាត់អូរក្រសារ ក្រុងកែប ដែលជួបបញ្ហាជីវភាពខ្វះខាតបំផុត។

ពិធីផ្ដល់អំណោយនេះ ធ្វើឡើងនៅភូមិដំណាក់ចំបក់ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។

ក្នុងដំណើរចុះសួរសុខទុក្ខ និងផ្ដល់អំណោយគ្រឿងឧបភោគបរិភោគខាងលើលោក ងួន ច័ន្ទសុជាតា ប្រធាន ស.ស.យ.ក ខេត្តកែប បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ដែលជានិច្ចកាល លោក តែងបានគិតគូរយកចិត្តទុកដាក់ខ្ពស់ ពិសេសសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនដែលជាសមាជិក សមាជិកា ងាយរងគ្រោះ និងខ្វះខាតបញ្ហាជីវភាព នៅគ្រប់ទីកន្លែង ដោយមិនទុកចោលបងប្អូនណាម្នាក់ ដោយខ្វះស្បៀងអាហារនោះឡើយ។

លោក ងួន ច័ន្ទសុជាតា បានបញ្ជាក់ថា បើទោះបីអំណោយតិចតួច ប៉ុន្តែអាចបញ្ជាក់ថា ក្ដីស្រឡាញ់ និងការគិតគូររបស់ថ្នាក់ដឹកនាំ ស.ស.យ.ក ក្នុងការជួយរំលែកការលំបាកបានមួយគ្រា ពិសេសក្នុងស្ថានភាព នៃការបង្ការទប់ស្កាត់ជំងឺកូវីដ១៩។

លោកប្រធាន ស.ស.យ.ក ខេត្តកែប ក៏បានស្នើដល់សមាជិកសមាជិកា ស.ស.យ.កខេត្តកែប ព្រមទាំង ប្រជាពលរដ្ឋពាក់ព័ន្ធ ត្រូវមានការអត់ធ្មត់ ចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងខិតខំផ្សព្វផ្សាយបន្តអំពីវិធានការណ៍ទាំងនេះ ជូនក្រុមគ្រួសារនីមួយៗ និងសហគមន៍របស់ខ្លួន ត្រូវគោរពបម្រាមរបស់រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចផ្សេងៗ ព្រោះបច្ចុប្បន្នជំងឺកូវីដ១៩ បាននិងកំពុង បន្តរីករាលដាលតាមសហគមន៍។

អំណោយរបស់លោក ហ៊ុន ម៉ានី ដែលត្រូវផ្ដល់ជូន ដល់ប្អូនៗយុវជន (ស.ស.យ.ក) នៃវិទ្យាល័យ ប៊ុន រ៉ានីហ៊ុន សែនចរិយាវង្ស ចំនួន ៧នាក់ ដែលជួបការខ្វះខាតក្នុងជីវភាព ក្នុងម្នាក់ៗ ទទួលបានសម្ភារ: រួមមាន៖ អង្ករចំនួន ១០គីឡូក្រាម, មី២កេស, ត្រីខ ២០កំប៉ុង, ទឹកក្រូចSprite ៦ដប, ម៉ាស់១ប្រអប់, អាលកុល ០,៥លីត្រ និងជេលលាងដៃចំនួន ២ដប៕